(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានចាប់ផ្តើមសាងសង់អគារសិក្សា និង អគារស្នាក់នៅចំនួន ៣ខ្នងសរុបប្រមាណ ១៤០ដើម្បីបំពេញការសិក្សា និង ការស្នាក់នៅរបស់សិក្ខាកាម ដែលទៅសិក្សានៅបណ្ឌិត្យសភា នគរបាលកម្ពុជា។ អគារសិក្សានេះ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

អគារដែលបើកដំណើរការសាងសង់ នៅថ្ងៃនេះរួមមាន៖ អគារសិក្សាកម្ពស់ ៣ជាន់ចំនួន ៦០បន្ទប់ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន កម្ពស់ ៣ជាន់ ចំនួន ៣០បន្ទប់ ទីលានបាញ់គ្រាប់ពិតចំនួន ១កន្លែង និង អគារស្នាក់នៅសម្រាប់និសិ្សត-សិក្ខាកាម កម្ពស់ ៥ជាន់ ចំនួន ៥០បន្ទប់។

នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងក្នុងពិធីនោះថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីជាថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា នគរបាលកម្ពុជាលើគ្រប់ផ្នែក ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈរូបវ័ន្ត ដើម្បីបម្រើឲ្យ ការបណ្តុះបណ្តាល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និង ក្រមសីលធម៌ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ។

លោក សេង ផល្លី បានបញ្ជាក់ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ គឺជាមូលដ្ឋានគ្រឹះ នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារឲ្យមានគុណភាព សមត្ថភាព ស្របតាមការចង់បាន របស់អង្គភាព ប្រើប្រាស់កងកម្លាំង និងស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានជំរុញឲ្យ បណ្ឌិត្យសភានគរបាលកម្ពុជា ឈានទៅសម្រេចបាន ជោគជ័យនូវផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ ២០១៥-២០១៩។ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកម្មវិធីកំណែទំម្រង់ របស់ខ្លួន ដែលបានកំណត់ថា ត្រឹមឆ្នាំ ២០១៩ និង ត្រូវមានភាពជាម្ចាស់ការ លើការបណ្តុះបណ្តាល ដោយខ្លួនឯង ហើយគុណភាពត្រូវបានទទួលស្កាល់ ទាំងកម្រិតតំបន់ និងសាកលលោក៕