(ភ្នំពេញ)៖ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាប្លន់ និងជួញដូរគ្រឿងញៀន បានព្យាយាមជិះម៉ូតូរត់គេចពី កម្លាំងអាវុធហត្ថដែលកំពុងល្បាត ក៏ជ្រុលទៅបុកម៉ូតូ ដែលចតស្ងៀម ហើយក៏បានព្យាយាមរត់ ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ជួយឃាត់រួចប្រគល់ឲ្យសមត្ថកិច្ច នគរបាលវិញផងដែរ។ ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានរកឃើញ កាំភ្លើងម៉ាក ប៉េអាកុល ១ដើម និងថ្នាំញៀន១កញ្ចប់ធំ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣និង២៥នាទី រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ធូ រិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្យា ស្រុកសំរោង ខេត្តតាកែវ និងជនសង្ស័យទី២ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។

ជនសង្ស័យទាំង២នាក់ធ្វើ ដំណើរដោយម៉ូតូម៉ាកសេ១២៥ស៊េរី០១៦ ពាក់ស្លាកលេខ1FZ-9277 ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន និងមានការផិតភ័យពី សមត្ថកិច្ចក៏ជ្រុលទៅបុកម៉ូតូ ដែលចតស្ងៀមក៏ដួលជ្រុះកាំភ្លើង ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរ និតចាត់ការបន្តទៀត៕