(ភ្នំពេញ)៖ ប្តី​ប្រពន្ធ​ពីរ​នាក់​ ត្រូវ​បាន​នគរបាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១០៖៣០​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារចាម ផ្លូវ៣៦៩​ ភូមិ​ព្រែក​តាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ នៅ​រសៀល​ថ្ងៃ​ដដែល​ នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

នគរបាល​បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​៣ម៉ឺន​ដុល្លារ​ តាម​រូបភាព​រៀបការ​ក្លែងក្លាយ​ទៅ​ប្រទេស​អូស្រ្តាលី​ ដោយ​លួងលោម​នារី​ម្នាក់​ថា​បាន​ប្តី​នៅ​ប្រទេស​អូស្រ្តាលី​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​៣​ម៉ឺន​ដុល្លារ​ តែ​ពុំ​បាន​សម្រេច​ ហើយ​ជនសង្ស័យ​រត់​គេច​ខ្លួន​រហូត​ ។

នគរបាល​ បន្ថែម​ថា​ យោង​តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ចុះថ្ងៃទី១៨​ ខែ​សីហា​ ឆ្នាំ​ ២០១៦ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យចាប់​ខ្លួន​ ទី១​ ឈ្មោះ ធឿន សំណាង ភេទប្រុស​ អាយុ២៩ឆ្នាំ និង​ទី២​ ឈ្មោះ សុខ សក្តិនីកា ភេទស្រី អាយុ២៦ឆ្នាំ ។

ក្នុងដីកានេះ បានចោទប្រកាន់​ ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២​ ខែ​មិថុនា​ ឆ្នាំ​ ២០១៥​ ៕

Advertising