(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅ តំណាងគណបក្សសង្រ្គោះជាតិ ដើម្បីពិភាក្សាគ្នា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងគម្រោងជួបជុំខ្នាតធំនូវសមាជិករបស់ខ្លួន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃតុលាការ ជំនុំជម្រះកាត់ទោស លោក កឹម សុខា។ នេះបើតាម លោក មាន ច័ន្ទយ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

ការកោះហៅតំណាងគណបក្សសង្រ្គោះជាតិ ចូលពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពី លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីស្នើរៀបចំពិធីជួបជុំខ្នាតធំនេះ។

លោក មាន ច័ន្ទយ៉ាដា បានឱ្យដឹងថា អាជ្ញាធរមានគម្រោងសួរដេញ ពាក់ព័ន្ធនឹងចំនួនអ្នកចូលរួម ហើយស្នាក់នៅរបស់ពួកគេ រួមទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ នៅជុំវិញនោះផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ សំណុំរឿង «មិនចូលខ្លួន» របស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលមិនបានចូលបំភ្លឺក្នុងនាមជាសាក្សី សំណុំរឿង​សញ្ចារកម្ម តាមការកោះហៅរបស់តុលាការក្រុងភ្នំពេញ។

បទល្មើសនេះ ប្រឈមនឹងការជាប់ពន្ធនាគារពី ១ខែដល់៦ខែ៕

Advertising