(វៀងច័ន្ទ)៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសន្យាថា នឹងផ្តល់ប្រាក់ ៩០លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលឡាវ ក្នុងគំរោងរួមគ្នាមួយ ដែលមានរយៈពេលបីឆ្នាំ ស្តីពីការបោសសម្អាត គ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានបន្សល់ទុកពី សង្គ្រាមអាមេរិក ដែលមានតម្លៃរាប់រយលានដុល្លារ។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

ទឹកប្រាក់ទាំង ៩០ លានដុល្លារនោះ នឹងចំណាយលើការពិនិត្យរកគ្រាប់បែក មានតម្លៃសរុប ៨០លានដុល្លារ ដែលបានទម្លាក់នៅក្នុងប្រទេស សមាជិកអាស៊ានមួយនេះ កាលពីអំឡុងពេលយុទ្ធនាការ ទម្លាក់គ្រាប់បែក ដោយសម្ងាត់ ដែលជាផ្នែកមួយនៃសង្រ្គាម វៀតណាមកាលពី ៤០ឆ្នាំមុន។

ការផ្តល់ថវិកាជំនួយនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានាធិបតីឡាវ លោក Bounnhang Vorachit ដោយចាត់ទុក ការបោះជំហាននេះថា គឺជាផ្លូវឆ្ពោះទៅរកចំណងមិត្តភាព ដ៏រឹងមាំរវាង ប្រទេសទាំងពីរ បន្ទាប់ពីគ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេសឡាវ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់បាត់បង់ជីវិត ក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក នឹងផ្តល់កំណត់ត្រា នៃទីតាំង ទម្លាក់គ្រាប់បែក ដើម្បីសហការក្នុងយុទ្ធនាការស្វែងរក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ។

គួររំលឹកដែរថា នៅចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣ យន្តហោះចម្បាំងអាមេរិក បានទម្លាក់គ្រាប់បែកចំនួន មិនតិចជាង២លានគ្រាប់ទេ នៅក្នុងប្រទេសឡាវ ក្នុងគោលបំណងដើម្បី កាត់ផ្លូវផ្គត់ផ្តង់ ដល់កងទ័ព វៀតណាម។ ការផ្តល់់ជំនួយពីអាមេរិក ក្នុងការលុបបំបាត់គ្រាប់មិនទាន់ផ្ទុះនេះ ចាប់ផ្តើមឡើងពីឆ្នាំ ២០១០ មកម្ល៉េះ ប៉ុន្តែទើបនឹងឆ្នាំនេះ ដែលជាលើកដំបូងផងដែរដែល ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ជាសាធារណៈ ថាសហរដ្ឋអាមេរិកមាន ភារៈកិច្ចក្នុងការជួយ ប្រទេសឡាវបន្ថែមទៀត៕

Advertising