(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យតុលាការ ចាត់ការតាមផ្លូវច្បាប់ចំពោះករណី ប្រធានសន្ដិសុខបុរី «លឹម ឈាងហាក់» និងបក្ខពួក ដែលបានវាយកម្មករយ៉ាងព្រៃផ្សៃ បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។

លោក ពេជ្រ ស្រស់ បានអំពាវនាវនៅលើ Facebook ផ្លូវការរបស់លោក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមអំពាវនាវអាជ្ញាធរ ស្វែងរកជនបង្កហេតុ ឲ្យមកទទួលទោសតាមច្បាប់ ព្រោះថាទង្វើរនេះជាអំពើព្រៃផ្សៃមួយក្នុងសង្គម កម្ពុជាត្រូវតែលុបបំបាត់ ព្រោះថាប្រទេសមានច្បាប់ ម្យ៉ាងវិញទៀតជនរងគ្រោះឈ្មោះ ស៊ាង ហៃ នេះមានជីវភាពក្រីក្របំផុត ហើយជាកូនកំព្រាឪពុកតាំងពីក្នុងផ្ទៃ ចំពោះម្តាយជនរងគ្រោះជាស្រ្តីមេមាយគ្មានមុខរបរឡើយ»

សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនបង្កដែលជាប្រធានសន្ដិសុខបុរី «លឹម ឈាងហាក់» ត្រូវបានបញ្ចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្ដតាមនីតិវិធី តែមិនទាន់មានព្រះរាជអាជ្ញារងណាម្នាក់កាន់​នៅឡើយទេ ដោយសារជាប់រវល់។

សូមរំលឹកថា ប្រធានសន្តិសុខនៅបុរី លឹម ឈាងហាក់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំបក្ខពួកប្រមាណ១០នាក់ ជាសន្តិសុខបុរី ជិះម៉ូតូ៣គ្រឿង ទៅប្រើអំពើហិង្សា ដោយវាយ ទាត់ ធាក់បុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ព្រមទាំងចាប់វាយខ្នោះនាំយកមកកន្លែងការិយាល័យសន្តិសុខ ក្នុងបុរីទៀតផង ក្រោយមានជម្លោះជាមួយជនរងគ្រោះ។

ហេតុការណ៍វាយប្រហារទៅលើជនរងគ្រោះខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជនរងគ្រោះភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ប៉ុន្តែក្រោយចាប់វាយខ្នោះហើយ ក៏នាំមកការិយាល័យសន្តិសុខបុរី នៅសង្កាត់ដង្កោ ខណ្ឌដង្កោថែមទៀត។ ជនរងគ្រោះមានឈ្មោះ សាង ហៃ អាយុ៣០ឆ្នាំ រីឯជនបង្កជាប្រធានសន្តិសុខវិញមានឈ្មោះ វឿន សារុម ហើយបក្ខពួកប្រមាណ១០នាក់ទៀតនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ តែយ៉ាងណានោះ កម្លាំងនគរបាលខណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងលោក នុត ពុធដារ៉ា ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ៕

Advertising