(ពិភពលោក)៖ ត្រឹមរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ខួប ១៥ឆ្នាំ នៃព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាថ្ងែដ៏រន្ធត់  ព្រមទាំងក្លាយជាព្រឹត្តិការណ៍ ដ៏ដិតដាមមួយក្នុងប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ព្រោះវាបណ្តាលឲ្យមនុស្សប្រមាណ ២៩៩៦នាក់ ស្លាប់ និង ជាង ៦០០០នាក់ ផ្សេងទៀតរងរបួស។

ខាងក្រោមនេះព័ត៌មានលម្អិតជុំវិញហេតុការណ៍វាយប្រហារនេះ៖

*គម្រោងនៃការវាយប្រហារ៖

គម្រោងនៃការវាយប្រហារនេះ ត្រូវបានរៀបចំដោយលោក Khalid Sheikh Mohammed ដែលចូលខ្លួនបម្រើលោក Osama bin Laden ជាលើកដំបូងក្នុងឆ្នាំ១៩៩៦។ នៅដើមឆ្នាំ១៩៩៩ លោក Bin Laden បានសម្រេចយល់ព្រមលើគម្រោងការណ៍វាយប្រហារនេះ។ មេដឹកនាំសំខាន់ៗរួមមានលោក Bin Laden លោក Mohammed Atef និងលោក Mohammed បានរួមគ្នារៀបចំគម្រោង ការវាយប្រហារដូចជា ជ្រើសរើសគោលដៅវាយប្រហារ ជ្រើសរើសមនុស្សដើម្បីធ្វើប្រតិបត្តិការប្លន់យន្តហោះ និងរៀបចំសម្រួលការធ្វើដំណើរ សម្រាប់ពួកចោរប្លន់ទាំងនោះ ទៅកាន់សហរដ្ឋអាមេរិក។

យ៉ាងនេះក្តី លោក Bin Laden បានបដិសេធគម្រោងគោលដៅ វាយប្រហារមួយចំនួនដូចជា ធនាគារ Bank Tower ក្នុងរដ្ឋ Los Angelesជាដើម មូលហេតុដោយសារគ្មានពេលគ្រប់គ្រាន់ សម្រាប់ការរៀបចំ។លោក Bin Laden បានធ្វើជាអ្នកដឹកនាំ និងឧបត្ថម្ភជាថវិកាសម្រាប់រៀបចំគម្រោង និងជាអ្នកជ្រើសរើស មនុស្សធ្វើសកម្មភាពភេរវកម្ម។

ក្រោយពេលព្រឹត្តិការណ៍នេះ កើតឡើង គឺនៅក្នុងឆ្នាំ ២០០៤ មេដឹកនាំកំពូលរបស់ក្រុមភេរវកររូបនេះ បានបង្ហើបឲ្យដឹងថា លោកបានរកឃើញគំនិត នៃការបើកបុក អគារភ្លោះនេះ បន្ទាប់ពីលោកបានឃើញ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ទៅលើអគារខ្ពស់មួយ ក្នុងអំឡុងនៃសង្គ្រាមនៅប្រទេស លីបង់កាលពី ឆ្នាំ ១៩៨២ កន្លងទៅនេះ។

បុគ្គលសំខាន់ៗ មួយចំនួន ត្រូវបានជ្រើសរើសជាមេដឹកនាំ ក្រុមសម្រាប់ធ្វើសកម្មភាពប្លន់យន្តហោះ ហើយមួយចំនួនទៀតត្រូវបានតែងតាំង ត្រឹមជាជំនួយការប៉ុណ្ណោះ ដោយសារពួកគេ ខ្វះចំណេះដឹងភាសាអង់គ្លេស ដែលធ្វើឲ្យមានភាពលំបាក ក្នុងការហ្វឹកហាត់បើកបរយន្តហោះ។

នៅចុងឆ្នាំ១៩៩៩ បុរសបួននាក់ បានធ្វើដំណើរមកពីទីក្រុង Hamburg ប្រទេស អាឡឺម៉ង់ រួមមានលោក Mohamed Atta លោក Marwan al-Shehhi លោក Ziad Jarrah និងលោក Ramzi bin al-Shibh។ បុរសជើងខ្លាំងទាំងនេះ ត្រូវបានជ្រើសរើស ដោយសារទទួលបានការអប់រំខ្ពស់ មានចំណេះដឹងភាសាអង់គ្លេស និងមានបទពិសោធន៍ រស់នៅប្រទេសលោកខាងលិច។ ចំណែកលោក Hani Hanjour ធ្លាប់មានលិខិតអនុញ្ញាត ធ្វើជាអ្នកបើកបរយន្តហោះស្រាប់ ហើយលោកផ្ទាល់បានបង្រៀន ពួកភេរវករផ្សេងទៀត ពីរបៀបរស់នៅ កុម្មង់អាហារ និងការស្លៀកពាក់បែបលោកខាងលិច។

បន្ទាប់ពីការជ្រើសរើសរួចរាល់ហើយ ក្រុមប្រតិបត្តិការប្លន់យន្តហោះ បានទៅទទួលវគ្គហ្វឹកហាត់ ដើម្បីរៀនបើកយន្តហោះឲ្យកាន់តែស្ទាត់ជំនាញ  ព្រមទាំងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ដោយក្នុងនោះមួយចំនួន ប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់។

*ការស៊ើបអង្កេតមុនភេរវកម្មកើតឡើង៖

ការពិតទៅមុនពេលហេតុការណ៍នេះ កើតឡើង មនុស្សជាច្រើនមានការសង្ស័យ រួចទៅហើយទៅលើ ក្រុមភេរវករទាំងនោះ។ ជាក់ស្តែងក្រុមចង់សម្ព័ន្ធជាមួយ FBI បានស្នើផ្តល់ដំណឹង ដល់ក្រុមស៊ើបអង្កេត ទាំងនោះ តែបែរជាមានការបដិសេធថានេះ មិនមែនជាកិច្ចការរបស់ FBI ទៅវិញ។

នៅចុងខែមិថុនាឆ្នាំ ១៩៩៩ លោក Richard Clarke មន្ត្រីជាន់ខ្ពស់ទទួល បន្ទុកប្រឆាំងភេរវកម្ម និង លោក George Tenet ប្រធានភ្នាក់ងារស៊ើបអង្កេត CIA បានអះអាងថា «ការវាយប្រហារ ដ៏ធ្ងន់ធ្ងរមួយ ទំនងជាអាចកើតឡើងនៅប្រទេស អ៊ីស្រាអែល ឬអារ៉ាប៊ីសាអូឌីត»។ ហើយនៅដើមខែកក្កដា ឆ្នាំដដែល លោក Clarke បានដាក់ការព្រមាន យ៉ាងធ្ងន់ធ្ងរជាថ្មីថា «ការវាយប្រហារ ដ៏ពិតប្រាកដមួយ នឹងកើតឡើងឆាប់ៗក្នុងពេលខាងមុខ»។ មិនតែប៉ុណ្ណោះ លោកបានស្នើក្រុម FBI និងក្រសួងការបរទេស ធ្វើការក្រើនរំលឹកដល់បណ្តាស្ថានទូត ប៉ុស្តិ៍ប៉ូលីស និងក្រសួងការពារជាតិ បន្ទាប់ពីរកឃើញថា ក្រុមភេរវករអាល់កៃដា បានធ្វើដំណើរមកកាន់ដែនដី សហរដ្ឋអាមេរិក ហើយកាន់តែចម្លែកនោះគឺពួកគេកំពុង ចូលរៀននៅសាលាបើកបរយន្តហោះ ថែមទៀតផង។ កាន់តែសំខាន់នោះគឺ ពួកគេអាចដឹងរហូតដល់ ព័ត៌មានលម្អិតនៃភេរវករម្នាក់ៗ។ ជាអកុសល សហរដ្ឋអាមេរិក នៅតែមិនអាចបង្កាសោកនាដកម្ម នេះបានឡើយ។

*ការវាយប្រហារ៖

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា កាលពី១៥ឆ្នាំមុន ក្រុមភេរវករ១៩នាក់ បានចាប់ផ្តើមធ្វើសកម្មភាព ប្លន់យន្ត ហោះដឹកអ្នកដំណើរខ្នាតធំ ដែលមានគោលដៅឆ្ងាយៗ មូលហេតុដោយសារ យន្តហោះទាំងនោះ មានផ្ទុកប្រេងច្រើន ដែលអាចបង្កការបំផ្លិចបំផ្លាញ ច្រើនជាងធម្មតា។ យន្តហោះទាំងបួនរួមមាន៖

•  យន្តហោះ American Airlines Flinght 11 ប្រភេទអ៊ីង៧៦៧ មានសហសេវិក១១នាក់ រួមជាមួយអ្នកដំណើរ៧៦នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៧ និង៥៩នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angeles តែក្រុមចោរបានបើកយន្តហោះ ទៅបុកអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង ញ៉ូវយកនៅវេលាម៉ោង៨ និង៤៦នាទីព្រឹក។

•  យន្តហោះ United Airlines Flinght 175 ប្រភេទបូអ៊ីង៧៦៧ មានសហសេវិក៩នាក់ អ្នកដំណើរ៥១នាក់ និងចោរប្លន់៥នាក់ បានចាកចេញពីអាកាសយាន្តដ្ឋាន Logan នៅវេលាម៉ោង៨ និង១៤នាទី ក្នុងគោលដៅទៅកាន់រដ្ឋ Lost Angelesដូចគ្នា។ ក្រុមភេរវករបានបើកយន្តហោះទៅបុកអគារពាណិជ្ជកម្មមួយទៀតដែលនៅទិសខាងត្បូង នៅវេលាម៉ោង៩ និង០៣នាទី។

•  យន្តហោះទីបី American Airlines Flight 77 ប្រភេទបូអ៊ីង៧៥៧ ចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Washington Dulles នៅវេលាម៉ោង៨ និង២០នាទីក្នុងគោលដៅទៅកាន់រដ្ឋLos Angeles ជាមួយនឹងសហសេវិក៦នាក់ និងអ្នកដំណើរ៥៣នាក់ ចោរប្រាំនាក់ បានបើកយន្តហោះទៅបុកមន្ទីរបច្ចុកោណ ក្នុងរដ្ឋ Viginia នៅវេលាម៉ោង៩ និង៣៧នាទីព្រឹក។

•  យន្តហោះទីបួន United Airlines Flight 93 ប្រភេទ៧៥៧ បានចាកចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ Newark នៅវេលាម៉ោង ៨ និង ៤២ព្រឹក ក្នុងគោលដៅទៅកាន់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ជាមួយនឹងសហសេវិក ៧នាក់ អ្នកដំណើរ៣៣នាក់ និងចោរ ៤នាក់។  ដោយសារអ្នកដំណើរបាន ដឹងពីបញ្ហានេះជាមុន ពួកគេប្រឈមមុខគ្នាជាមួយភេរវករ ធ្វើឲ្យយន្តហោះ មិនបានបុកអគារ ណាមួយឡើយ តែបែរជាធ្លាក់ទៅកាន់ទីវាលក្នុងរដ្ឋ Pennsylvania នៅវេលាម៉ោង១០ និង០៣នាទីព្រឹក។

អគារភ្លោះខាងជើង បានដួលនៅវេលាម៉ោង៩ និង៥៩នាទីព្រឹក បន្ទាប់ពីឆាបឆេះក្នុងរយៈពេល ៥៦នាទី ដោយសារអណ្តាតភ្លើងបណ្តាល មកពីការផ្ទុះប្រេងរបស់យន្តហោះ។ ចំណែកអគារភ្លោះខាងត្បូង បានដួលនៅវេលាម៉ោង១០ និង ២៨នាទីព្រឹក បន្ទាប់ពីការឆាបឆេះ ក្នុងរយៈពេល ១០២នាទី។

តាមការសន្និដ្ឋានបានឲ្យដឹងថា ក្រុមភេរវករនៅយន្តហោះ ទីបួនទំនងមានគោលដៅ បើកយន្តហោះបុកអគារ Capitol ឬសេតវិមានរបស់សហរដ្ឋអាមេរិក។ តាមរយៈឧបករណ៍ថតសម្លេង Cockpit Voice recorder បានបង្ហាញថា ក្រុមសហសេវិក និងអ្នកដំណើរព្យាយាមដណ្តើម កាន់ចង្កូតយន្តហោះ ពីក្រុមចោរ បន្ទាប់ពីទទួលដំណឹងថា យន្តហោះបីគ្រឿងត្រូវបានបើកបុក អគារសំខាន់ៗ។ ហេតុនេះ ចោរក៏សម្រេច បើកបុកទីវាលតែម្តង។

នៅមុនពេលយន្តហោះផ្ទុះ អ្នកដំណើរ និងសហសេវិក បានប្រើប្រាស់ទូរសព្ទ ក្នុងបន្ទប់បើកបរយន្តហោះ ឬទូរសព្ទផ្ទាល់ខ្លួនដោយរាយការណ៍ថា ក្រុមចោរប្លន់បីបួននាក់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ឬស្ប្រាយ៍ ដើម្បីទប់ទល់នឹង អ្នកបម្រើលើយន្តហោះ។ ពួកភេរវករបានចាក់ និងសម្លាប់អ្នកបើកបរ អ្នកបម្រើលើយន្តហោះ ឬអ្នកដំណើរមួយចំនួន។

តាមការស្រាវជ្រាវបានរកឃើញថា ពួកចោរធ្លាប់បានទិញឧបករណ៍មួយចំនួន និងកាំបិតប្រភេទម្យ៉ាងដែលកាលនោះ មិនត្រូវបានហាមឃាត់សម្រាប់ ការធ្វើដំណើរ តាមយន្តហោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ បានលើកឡើងថា ចោរមានប្រដាប់ ដោយគ្រាប់បែក យ៉ាងនេះក្តីអ្នកដំណើរម្នាក់បែរ ជាលើកឡើងថា គ្រាប់បែកនោះក្លែងក្លាយទៅវិញ។ ចំណែកក្រុមFBI ក៏ពុំបានរកឃើញ សារធាតុផ្ទុះណាមួយ នៅទីតាំងបុកយន្តហោះឡើយ។ ទើបមានការសន្និដ្ឋានថា គ្រាប់បែកនោះ ពិតជាក្លែងក្លាយពិតមែន។ គ្រប់បណ្តាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ បន្ទាប់ពីហេតុការណ៍ វាយប្រហារទីមួយបានកើតឡើង។

*ចំនួនអ្នកស្លាប់ និងផលខូចខាត៖

ខាងក្រោមនេះជារបាយការណ៍ អំពីអ្នកស្លាប់នៅក្នុងទីតាំង រងគ្រោះទាំងអស់៖

•  អគារពាណិជ្ជកម្មនៅទីក្រុងញ៉ូវយក៖ យន្តហោះAmerican11 មានមនុស្ស ៨៧នាក់ ភេរវករ៥នាក់ ចំណែកយន្តហោះ United 175 មានមនុស្ស ៦០នាក់ ភេរវករ៥នាក់ រួមទាំងអ្នកនៅលើអគារភ្លោះ ទាំងពីរ មានចំនួន ២.៦០៦នាក់។

•  បញ្ជីរបញ្ចកោណនៅទីក្រុងArlington ៖ យន្តហោះ American77 មានមនុស្ស៥៩នាក់ ភេរវករ៥នាក់ រួមទាំងមនុស្ស នៅក្នុងមន្ទីរបញ្ចកោណ ១២៥នាក់។

•  ទីវាលនៅ Shanksville ៖ យន្តហោះ United 93 មានមនុស្ស ៤០នាក់ និងភេរវករ ៤នាក់

សរុបជារួម ក្នុងហេតុការណ៍នេះ មានមនុស្សស្លាប់ប្រមាណ ២.៩៩៦នាក់ និង ជាង ៦០០០នាក់ ផ្សេងទៀតរងរបួស។ កុមារប្រមាណជាង ៣០០០នាក់ បាត់បង់ឪពុកម្តាយរបស់ខ្លួន។ រហូតមកដល់ឆ្នាំ ២០០៦ កន្លងទៅនេះ បំណែកឆ្អឹងមនុស្សជាងច្រើនទៀត នៅតែត្រូវបានរកឃើញបន្ត ដែលធ្វើឲ្យយើងមិនអាចសន្និដ្ឋាន ពីចំនួនអ្នកស្លាប់ បានពិតប្រាកដបានឡើយ។

មិនត្រឹមតែបាត់បង់ជីវិត មនុស្សប៉ុណ្ណោះទេ ព្រឹត្តិការណ៍១១កញ្ញា ២០០១ នេះ បានឲ្យសហរដ្ឋអាមេរិកខាតទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ ដោយសារការបំផ្លិចបំផ្លាញ មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធ ដែលនៅក្បែរនោះ។

ការវាយប្រហារនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចនៃតំបន់ Lower Manhattan ដែលជាផ្នែកមួយនៃទីក្រុង ញ៉ូវយក ក៏ដូចជាបង្កផលប៉ះពាល់ ជាខ្លាំងទៅលើទីផ្សារពិភពលោក ជាក់ស្តែងដូចជា ទីផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាមេរិក និងកាណាដា ជាដើមត្រូវបិទដំណើរការ មួយរយៈជាដើម។ ស្ថាប័ន និងគម្រោង ការងារជាច្រើនត្រូវបានបិទទ្វា និងលុបចោល ចំណែកប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទី រងផលប៉ះពាល់សុខភាព ដោយសារកំទិចផេះ ប៉ះពាល់ដល់សតិអារម្មណ៍ ដោយបារម្ភខ្លាចមានការវាយប្រហារសារជាថ្មី។

ការបោសសម្អាតអគារភ្លោះ បានចប់សព្វគ្រប់នៅខែឧសភា ២០០២ ដោយឡែកមន្ទីរបច្ចកោណ បានជួសជុលរួចរាល់ ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់ អគារពាណិជ្ជកម្មពិភពលោក បានចាប់ផ្តើមជាថ្មីនៅទីតាំងដដែល ហើយបើកដំណើរការ ជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះថ្មីៗនេះ។

សំណង់ស្ថាប័ត្រកម្មជាច្រើន ត្រូវបានកសាងឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ សោកនាកម្មនេះ ជាក់ស្តែងដូចជាសារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុង ញ៉ូវយក អគារPentagon Memorial ក្នុងទីក្រុង Arlington ក៏ដូចជាសំណង់Flight 93 National Memorial នៅទីវាលក្បែរ Shanksville ជាដើម។

*កត្តាអ្វីជម្រុញឲ្យការវាយប្រហារកើតឡើង

មូលហេតុដែល ជម្រុញឲ្យលោក ប៊ិនឡាដិន មេដឹកនាំភេរវករអាល់កៃដា លំដាប់ពិភពលោក អូសទាញមនុស្សឲ្យរៀបចំគម្រោងវាយប្រហារដោយសារកត្តាជាច្រើន ដែលកត្តាទាំងនោះត្រូវ បានក្រុមស៊ើបអង្កេតរកឃើញ ក្នុងសេចក្តីប្រកាសដែលចុះហត្ថលេខា យល់ព្រមដោយលោកផ្ទាល់ ដែលក្នុងនោះមានដូចជា៖

•  សហរដ្ឋអាមេរិកគាំទ្រប្រទេស អ៊ីស្រាអ៊ែលដែលជាគូសត្រូវសួរពូជរបស់ពួកម៉ូស្លីម

•  សហរដ្ឋអាមេរិកគាំទ្រការវាយប្រហារប្រឆាំងពួកម៉ូស្លីមនៅប្រទេស សូម៉ាលី

•  រដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិកសម្តែងឥរិយាបទប្រឆាំងផលប្រយោជន៍ពួកម៉ូស្លីម

•  ការគាំទ្រឥណ្ឌាដែលធ្វើការគៀបសង្កត់ពួកម៉ូស្លីម ក្នុងតំបន់កាស្មៀ

•  វត្ថមានយោធាសហរដ្ឋអាម៉េរិកក្នុងប្រទេស អារ៉ាប៊ីសាអូឌីត

•  ការដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ាក់

តាមកាវិភាគមួយបានលើកឡើងថា ប្រសិនបើគ្មានវត្ថមានយោធាអាមេរិក នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសកំណើត របស់លោក អូសាម៉ាប៊ីនឡាដិនទេនោះ លោកក៏មិនអាចអូសទាញ មនុស្សឲ្យពលីជីវិតដើម្បីធ្វើប្រតិបត្តិការ សម្លាប់មនុស្សច្រើនបែបនេះឡើយ។

*ប្រតិកម្ម និងវិធានការ៖

ដំបូងឡើយមេដឹកនាំក្រុម អាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ប្រកាសថាមិនពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបានសារភាពថាពិតជា បានរៀបចំគម្រោងវាយប្រហារ នេះពិតមែន។ បើទោះបីជាខំរត់គេចពីការចាប់ខ្លួន អស់រយៈពេលជិតមួយ ទសវត្សរ៍ក្តី តែទីបំផុតមេដឹកនាំភេវរករ កំពូលលំដាប់ពិភពលោករូបនេះ ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយសមាជិក យោធាសហរដ្ឋអាមេរិក កាលពីខែ ឧសភា ឆ្នាំ ២០១១ កន្លងទៅនេះ។

អង្គការរបស់ជនជាតិម៉ូស្លីម នៅសហរដ្ឋអាមេរិក បានធ្វើការថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារនេះ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ អាមេរិកឥស្លាម ប្រើប្រាស់ជំនាញ និងធនធានរបស់ខ្លួនដើម្បី ជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារតាមរយៈប្រាក់ឧបត្ថម្ភ ផ្តល់ឈាម ថ្នាំពេទ្យ អាហារ និងជម្រកស្នាក់ នៅ សម្រាប់ជនរងគ្រោះ។ ការវាយប្រហារនេះ ក៏ត្រូវបានបដិសេធ និងថ្កោលទោស យ៉ាងខ្លាំងពីសំណាក់បណ្តាញ សារព័ត៌មាន និងរដ្ឋាភិបាលទូទាំងពិភពលោក។

សហរដ្ឋអាមេរិកបានសងសឹក ការវាយប្រហារនេះ តាមរយៈការប្រកាសសង្គ្រាម ជាមួយក្រុមភេវរករ ដោយការដាក់ពង្រាយទ័ព នៅតាមបណ្តាប្រទេសមួយចំនួន ដែលជាជម្រករបស់ពួកអាល់កៃដា ព្រមទាំងបើកការវាយប្រហារ ប្រទេសអាហ្គានីស្ថាន ដើម្បីបោសសម្អាតក្រុមតាលីបង់ ដែលនៅពីក្រោយពួកអាល់កៃដា។

ជាមួយគ្នានេះដែរ បណ្តារប្រទេសជាច្រើនលើពិភពលោក បានរួមគ្នាពង្រឹងវិធានការណ៍ ការបង្កើតច្បាប់ និងភ្នាក់ងារស៊ើបអង្កេតយ៉ាងដឹតដល់ ក្នុងគោលដៅបង្កាកុំឲ្យសោកនាដកម្ម ដ៏ធ្ងន់ធ្ងរបណ្តាលមកពី សកម្មភាពភេរវកម្ម កើតឡើងជាថ្មីម្តងទៀត៕

Advertising