(ហាងចូវ)៖ កិច្ចព្រមព្រៀងលើការមិនទទួលយកនូវ របបគាំពារនិយម (ទង្វើនៃការធ្វើអ្វីៗដើម្បីតែ ផលប្រយោជន៍តែឯង និង ការមិនយកផលប្រយោជន៍រួមជាគោល) គឺជាសមិទ្ធិផលដ៏សំខាន់មួយដែល សម្រេចបានពីកិច្ចប្រជុំកំពូល G20 នៅទីក្រុងហាងចូវ ដែលបញ្ចប់ម្សិលមិញនេះ ខណៈដែលសេដ្ឋកិច្ច ពិភពលោកកំពុងតែប្រឈម នឹងការថមថយជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកជំនាញលោក Jose Luis Leon-Manriquez មកពីមហាវិទ្យា UAM របស់ប្រទេសមិចស៊ីកូ យល់ឃើញថា «​វាគឺជារឿងសំខាន់ណាស់ ដែលប្រធានាធិបតីចិន លោក ស៊ី ជីងពីង លើកឡើងនូវបញ្ហា របបគាំពារនិយម ចាប់តាំងពីព្រឹត្តិការណ៍ថ្មីៗ កន្លងទៅដូចជា ការចាកចេញនៃចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប (Brexit) និងការឈានជិត ចូលមកដល់នៃ ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក»។ លោកបានបន្តទៀតថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗ មានការព្រួយបារម្ភ ព្រោះដឹងច្បាស់ថា ភាពជោគជ័យនៃសេដ្ឋកិច្ចអន្តរជាតិ អាចប្រឈមនឹងហានីភ័យ ដោយសារទំនោរ នៃរបបគាំពារនិយមនេះ។

គួរបញ្ជាក់ថា បណ្តាប្រទេស ជាសមាជិក G20 បានព្រមព្រៀងមូលមតិគ្នា លើកិច្ចសហប្រតិបត្តិការបើកចំហរ ទីផ្សារសកលនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 ម្សិលមិញ។ នៅក្នុងកិច្ចប្រជុំកំពូលនោះ សមាជិក G20 ទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហាងចូវ ដែលនឹងធ្វើការកែទំរង់រចនាសម្ព័ន្ធ រូបិយវត្ថុ និងសារពើពន្ធ ដើម្បីចៀសវាងហានីភ័យផ្សេងៗ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ កិច្ចប្រជុំកំពូលនេះ និងបន្សល់ទុកនូវសមិទ្ធិផលដ៏វិជ្ជមានមួយ នៅលើពិភពលោក ខណៈដែលសមាជិក G20 បានសន្យាប្តេជ្ញាថា នឹងរួមគ្នាខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចពិភពលោក មានស្ថិរភាព៕