(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញពិសារអាហារការងារថ្ងៃត្រង់​ ជាលក្ខណៈពិសេសមួយ ជាមួយមេដឹកនាំប្រទេសនានា នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ លើកទី២៨-២៩ របស់អាស៊ាន នៅថ្ងៃទី០៦ ខែកញ្ញានេះ។

បើតាម Facebook សម្តេចតេជោ នៅមុននេះបន្ដិចថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក្រកម្ពុជា បានអញ្ជើញចូលរួមពិសារ អាហារការងារថ្ងៃត្រង់ពិសេសជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាងអនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេស វៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធុរកិច្ច មកពីប្រទេស៥ រួមទាំងកម្ពុជាផងដែរ»

ជាមួយគ្នានោះដែរ ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមប្រឹក្សាធុរកិច្ច នៃប្រទេសទាំងប្រាំ និងដៃគូវិនិយោគដទៃទៀតដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំ នឹងលើកយកនូវសំណើរមួយចំនួន ពីក្រុមប្រឹក្សាធុរកិច្ច ទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ ដែលនឹងប្រារព្ធបើកក្នុងរសៀលថ្ងៃនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធ ផ្សេងទៀតនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលជាប្រធានអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ឆ្នាំ២០១៦៕