(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការមិនអនុញ្ញាតឱ្យអ្នកកាសែតចូលថត នៅតុលាការក្រុងភ្នំពេញ កាលពីម្សិលមិញ។ លោកថា ជាទម្លាប់តុលាការកម្ពុជាកន្លងមក បានអនុញ្ញាតឱ្យអ្នកកាសែតចូលថតរហូតមក ប៉ុន្តែបើចង់ផ្លាស់ប្តូរនោះ តុលាការគួរតែប្រាប់អ្នកយកព័ត៌មានឱ្យបានល្អ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា «ជាធម្មតាក្នុងសាកលលោក តុលាការមិនអនុញ្ញាតឱ្យមានការថតនៅក្នុងសាលកាត់ក្តីទេ បើរឿងសំខាន់គេអាចគូរបាន (នៅអាមេរិកមានទូរទស្សន៍មួយ​ ជំនាញតែថតពីការកាត់ក្តីរដ្ឋប្បវេណី)។ តែដោយតុលាការខ្មែរទំលាប់អោយគេថតយូរហើយ បើចង់ប្តូរគួរតែបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអោយបានល្អ»

កាលពីម្សិលមិញ មានការផ្សព្វផ្សាយថា ប៉ូលិសយាមតុលាការក្រុងភ្នំពេញ បានបណ្តេញអ្នកយកព័ត៌មាន មិនឱ្យចូលយកព័ត៌មាន និងថតរូបនៅក្នុងតុលាការក្រុងភ្នំពេញនោះទេ ដោយសំអាងថា មានការសម្រេចពីថ្នាក់លើ។ បន្ទាប់ពីមានហេតុការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយបានរិះគន់តុលាការថា មិនបានកំណត់គោលការណ៍ឱ្យច្បាស់លាស់​ ជាមួយអ្នកយកព័ត៌មាន។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក លី សុផាណា បានអះអាងថា តុលាការកំពុងរកវិធីដោះស្រាយ ដើម្បីឱ្យប្រសើរឡើងនូវការបំពេញវិជ្ជាជីវៈទាំងអស់គ្នា។ លោកថា «យើងកំពុងពិនិត្យនិងពិភាក្សាអំពីរឿងនេះ ដើម្បីរកដំណោះស្រាយនិងយន្តការសមស្រប សម្រាប់ជាប្រយោជន៍វិជ្ជាជីវៈទាំងអស់គ្នា»។ លោក លី សុផាណា ក៏មានគម្រោងជួបប្រជុំជាមួយអ្នកសារព័ត៌មាន ដែលចាត់តាំងឱ្យតាមយកព័ត៌មាននៅតុលាការ ដើម្បីដោះស្រាយរឿងនេះផងដែរ៕