(ភ្នំពេញ​)៖ ​គ្រូបង្រៀន​ម្នាក់​នៅ​ការិយាល័យ​អប់រំ​ យុវជន ​និង​កីឡា​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​ ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ ពិសេស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​ ជួយ​រក​យុត្តិធម៌​ជូន​កូន​ប្រុស​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ផង​។​

ការ​ដង្ហោយ​រក​យុត្តិធម៌​ពី​ចម្ងាយ​ដល់​សម្តេច​តេជោ​ នា​ពេល​នេះ​ បន្ទាប់​ពី​លោក​ ហោ​ លី​ណា​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​តម្កល់​បណ្ដឹង​ព្រហ្មទណ្ឌ​ ទុក​ឥត​ចាត់ការ​ ខណៈ​ជនបង្ក​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ ហើយ​គ្រួសារ​នៃ​សព​គ្មាន​ទទួល​សំណង​សូម្បី​មួយ​រៀល​។

លោក​ កែវ​ ចន្ធី​ អាយុ​៤៧​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយ​ចេក​ ឃុំ​ស្វាយ​ចេក​ ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង​ ជា​គ្រូ​បង្រៀន​នៅ​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​រំដួល​ ជា​គ្រូ​បង្វឹក​បាល់ទាត់​ «សសយក​»​ និង​ជា​អនុប្រធាន​ក្រុម​ការងារ​យុវជន​ គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រំដួល​ បាន​ឲ្យដឹងថា​ កាលពី​ថ្ងៃទី​៣​ ខែ​តុលា​ ឆ្នាំ​២០១៥​ កូន​ប្រុស​របស់​លោក​ មាន​ឈ្មោះ​ យ៉ាន​ ពុទ្ធា​រ៉ា​ អាយុ​២១ឆ្នាំ​ ជា​បុគ្គល​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រហូត​បាត់បង់​ជីវិត​ នៅ​ចំណុច​ភ្លើង​ស្តុប​សណ្ឋាគារ​ឋានសួគ៌​ ផ្លូវ​លេខ​១២៨​កែង​ផ្លូវ​១៦៩​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​។​

លោក​ កែវ​ ចន្ធី​ បន្ត​ថា​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ បង្ក​ឡើង​ដោយ​ឈ្មោះ​ លី​ ហរអាង​ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ ត្រូវ​ជា​កូន​របស់​លោក​ឧត្ដមសេនីយ៍​ ជា​ ពៅ​។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ លោក​ ហោ​ លីណា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ បាន​សម្រេច​តម្កល់​សំណុំរឿង​នេះ​ទុក​ឥត​ចាត់ការ​ តាម​ដីកា​លេខ​ ៩៩៤​ អ.យ.ត​។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ កែវ​ ចន្ធី​ ថ្លែង​ថា​ រហូត​មក​ទល់​ពេល​នេះ​ ជនបង្ក​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ រីឯ​សំណង​គ្មាន​ទទួល​បាន​សូម្បី​មួយ​រៀល​។​ លោក​ ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ ពិសេស​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​ជូន​លោក​ផង​៕