(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នាគ្រាដែល លោក កឹម សុខា ប្រធានស្តីទីគណបក្សង្រ្គោះជាតិ អវត្តមានចំពោះការចូលខ្លួនឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សីសំណុំរឿងសញ្ចារកម្ម តាមការកោះហៅរបស់តំណាងអយ្យការអមតុលាការក្រុងភ្នំពេញនោះ សមត្ថកិច្ចបានឃាត់រថយន្តរបស់លោក នៅលើផ្លូវនរោត្តម ហើយព្យាយាមស្វែងរក មេដឹកនាំគណបក្សប្រឆាំងរូបនេះនៅគ្រប់កន្លែង រហូតដល់ទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិផងដែរ។

ស្ថានភាពពេលនោះ គេមានការសង្ស័យថា សមត្ថកិច្ចចង់នាំខ្លួនលោក កឹម សុខា ដើម្បីចូលបន្ទប់សួរចម្លើយទាំងមានអភ័យឯកសិទ្ធិ ដែលតុលាការអះអាងថា ការស្វែងរកលោ​ក កឹម សុខា​ នាពេលនោះគឺជាវិធានការឆ្លើយតប នឹងការប្រព្រឹត្តបទល្មើសជាក់ស្តែងដែលប្រឆាំងនឹងអំណាចតុលាការ។ តុលាការក៏បានចោទ លោក កឹម សុខា ពីបទ «មិនចូលខ្លួន» ដែលបទនេះប្រឈមនឹងការកំណត់ឱ្យជាប់ពន្ធនាគារពី ១ខែដល់៦ខែ។ បើតាមច្បាប់ បើសិនជាការមិនចូលខ្លួនជាបទល្មើស ជាក់ស្តែងមែននោះ លោក កឹម សុខា អាចត្រូវចាប់ខ្លួននៅថ្ងៃទី២៦ ឧសភានោះតែម្តង ប៉ុន្តែទោះជាយ៉ាងណា បើផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា២០៤ ទោះជាមានការចាប់ខ្លួន លោក កឹម សុខា មែនក៏មិនអាចឃុំខ្លួន​ បានយ៉ាងច្រើនគ្រាន់តែនាំទៅបន្ទប់ សួរចម្លើយរួចបញ្ជូនត្រឡប់មកវិញតែប៉ុណ្ណោះ។

ច្បាប់ស្តីពីក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា២០៤ អំពីការឃុំខ្លួនបណ្តោះអាសន្ននោះ បានចែងថា «ការឃុំខ្លួនបណ្តោះអាសន្ន អាចអនុវត្តទៅបានតែក្នុងករណី ចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ (មួយ)ឆ្នាំ» តែប៉ុណ្ណោះ។ មានន័យថា បទល្មើសកំណត់ឱ្យជាប់ពន្ធនាគារក្រោម១ឆ្នាំ គឺច្បាប់មិនអនុញ្ញាតឱ្យឃុំខ្លួនបណ្តោះអាសន្នបានទេ ហើយបើក្រលែកមើលបទចោទរបស់ លោក កឹម សុខា តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនោះ បទមិនចូលខ្លួននេះគ្រាន់តែប្រឈមនឹងការជាប់ពន្ធនាគារពី១ខែ ដល់៦ខែប៉ុណ្ណោះ ដូច្នេះមិនត្រូវឱ្យមានការឃុំខ្លួនបណ្ណោះអាសន្នទេ។

ទោះជាយ៉ាងនេះក្តី គិតរហូតដល់ពេលនេះ លោក កឹម សុខា នៅតែបន្តឃុំខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិនៅឡើយ។ ចាប់តាំងពីរឿងនេះកាន់ធ្ងន់ធ្ងរទៅៗ លោក កឹម សុខា មិនដែលមានសកម្មភាពចេញទៅណាមកណាទៀតឡើយ។ ដោយឡែកតុលាការចេញដីកា ដាក់លោកឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ហើយហាមមិនឱ្យចេញទៅក្រៅប្រទេសដែរ។

សំណុំរឿង «មិនចូលខ្លួន» របស់លោក កឹម សុខា ដែលកើតចេញពីការរើងរូសមិនសហការជាមួយតុលាការ មិនបាននៅនឹងថ្កោលដូចទៅនឹង សំណុំរឿងបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ដែលរហូតដល់ពេលនេះមិនទាន់មានអ្វីថ្មីនោះទេ។ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការស៊ើបសួររបស់ខ្លួន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ហើយតុលាការក្រុងភ្នំពេញក៏បានកោះហៅ លោក កឹម សុខា ឱ្យចូលទៅកាន់សវនាការកាត់ទោសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះដែរ។

បើសិនជាតុលាការកាត់ទោស លោក​ កឹម សុខា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ មែននោះ លោក កឹម សុខា ដែលជាតំណាងរាស្រ្តមួយរូប នឹងក្លាយទៅជាពិរុទ្ធជនមួយរំពេច ហើយនៅពេលសាលក្រមចូលជាស្ថាពរ នោះអាចនឹងឈានចូលទៅដល់ការចាប់ខ្លួន៕