(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានអះអាងថា បេសកកម្ម ដាក់ញត្តិរបស់​ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ទទួលបានជោគជ័យហើយ។ ការដាក់ញត្តិបានបញ្ចប់នៅត្រឹមស្ថានទូត​ហ្វីលីពីន​។

ញត្តិដែល លោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ តំណាងឲ្យគណបក្សសង្រ្គោះជាតិ យកទៅដាក់នៅតាមស្ថានទូត មួយចំនួននៅកម្ពុជា នាពេលនេះ គឺដើម្បីទាមទារឲ្យប្រទេស ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីស អន្តរាគមន៍បើកផ្លូវឲ្យថ្នាក់ ដឹកនាំទាំង២រូប របស់ខ្លួន ធ្វើនយោបាយដោយបើកចំហរ។

យោងតាម Facebook Page ផ្លូវការរបស់លោកស្រី មូរ សុខហ៊ួរបានបញ្ជាក់ឲ្យដឹងថា «បេសកម្ម​ថ្ងៃនេះក្នុងការដាក់ញាត្តិ​របស់យើង ហើយស្ថានទូត​ ហ្វីលីពីន​ជាស្ថានចុងក្រោយ ដែលយើងយកញាត្តិមកជូន​ ហើយយើងទទួលបានជោគជ័យក្នុងការដាក់ញាត្តិថ្ងៃនេះ​»។

គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួ សុខហួរ និងលោក ហូរ វ៉ាន់ បានយកញត្តិ ទៅដាក់ជូនស្ថានទូត ដែលជា ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងបារីស និងដាក់បណ្តាប្រទេសដែលជា សមាជិកអាស៊ាន មួយចំនួនទៀតរួចរាល់ហើយ។ លោក សុន ឆ័យ អភិបាលក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រកាសថា នៅថ្ងៃនេះ គណបក្សសង្រ្គោះជាតិ បានដាក់ញត្តិចំនួន១៥ស្ថានទូត ក្នុងប្រទេសកម្ពុជា៕