(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ពិធីនេះបានប្រព្រឹត្ដទៅនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពីលោក Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ចំនួន ១០១ រូប មកពី ២៣ប្រទេស។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគួរបញ្ជាក់ថា នេះជាមោទនៈភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅកម្ពុជា ហើយជាលើកដំបូងដែលត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា «ប្រភេទមូស Aedes albopictus ត្រូវបានគេស្គាល់ជាទូទៅថាជា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏សំខាន់មួយនៃជំងឺគ្រុនឈាម ជំងឺ Chikungunya និងជំងឺ Zika នៅទូទាំងពិភពលោក និងជាភ្នាក់ងារបង្កជំងឺយ៉ាងហោចណាស់៤០ប្រភេទផ្សេងទៀត ដែលជាបញ្ហាចោទនៅក្នុងវិស័យសុខភាពសាធារណ»

សន្និសិទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា (Aedes albopictus) ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់នូវអនុសាសន៍ដល់អង្គសន្និសីទថា តាមរយៈសន្និសីទអន្តរជាតិរយៈពេលពីរថ្ងៃនេះ មានការពិភាក្សាឱ្យបានផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះ ដើមី្បផ្តល់អត្ថប្រយោជន៍មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះផងដែរ។

ព្រមជាមួយគ្នានេះលោកសាស្ដ្រាចារ្យ ឈាង រ៉ា បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀតក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន»