(ភ្នំពេញ)៖ នៅវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ បានយាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈពេលប្រមាណជា១ខែ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់ បាន​យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុ​ណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យ យាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរម​រាជានុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជាមាតាជាតិខ្មែរនារសៀលនេះ ក៏មានការ​អញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ច និងទទួលព្រះរាជដំណើរពីប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី, ព្រះញាតិវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងផងដែរ៕