(សៀមរាប)៖ អង្គការកូហ្វី KOFIH និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសន្និបាតខួប១០ អតីតសិក្ខាកាមរបស់កូហ្វីកម្ពុជា ដែលបណ្ដុះបណ្ដាលចំនួន១៤៩នាក់ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ពិធីនេះ រៀបចំរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក ហា អីលស៊ូ (Ha Il-Soo) ប្រធានរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ, លោក យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឆន មីនហ្យុន (Jeon Minhyon) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអីនជេ នៃសាធារណរដ្ឋកូរ៉េ និងមានការអញ្ជើញជាកិត្តិយសដ៏ឧត្តុងឧត្តមពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ប៉ៃលិន សៀមរាប និងបន្ទាយមានជ័យ និងមានការអញ្ជើញ ចូលរួមរបស់សមាជិកសមាជិការអតីតសិក្ខាកាមកូហ្វីកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលរួមផង​ដែរ។

ក្នុងឱកាសនោះ លោក ហា អីលស៊ូ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ ២០១០ដល់ ២០២៣ មានសិក្ខាកាមចំនួន ១៤៩នាក់ទទួលបានការបណ្តុះបណ្តាលតាមរយៈ(លី ជុងអ៊ុក) ហើយយើងនៅបន្តវគ្គ បណ្តុះបណ្តាលជារៀងរាល់ឆ្នាំ លើផ្នែក clinical គោលនយោបាយ និងជំងឺឆ្លង ជាដើម។ លើសពីនេះ កម្ពុជាបានបង្កើតKGA ជាផ្លូវការនៅក្នុងខែ១២ ឆ្នាំ ២០១៦ ព្រមទាំងបានធ្វើសកម្មភាពអប់រំ ដូចជាយុទ្ធនាការតាមសហគមន៍ សិស័ក្ខាសាលាអប់រំជាដើម។

លោកសង្ឃឹមថា អតីតសិក្ខាកាមគ្រប់រូប ដែលបានជួបគ្នាតាមរយៈ KGA នឹងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯង អភិវឌ្ឍសហគមន៍ប្រកបដោយចីរភាប នឹងនាំទៅដល់ការគាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ឱ្យមានភាពរឹតតែប្រសើរឡើងផងដែរ។

លោក យៀប ម៉ាលីណូ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ជាពិសេសរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកម្មវិធី (KOFIH) មានសារៈសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខមាលភាព ក៏ដូចជាសុខភាពសាធារណៈរបស់កម្ពុជាផងដែរ។ ជាពិសេស អ្វីដែលយើងមិនអាចភ្លេចបាននោះ គឺជាប្រជាពលរដ្ឌដែលនៅខេត្តបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់ និងប៉ៃលិន ទទួលបានសេវាសុខាភិបាលដ៏ល្អ ទាំងអស់នេះយើងមិនអាចបំភ្លេចកិច្ចខិតខំប្រឹងប្រែងរបស់(KOFIH) ក៏ដូចជាមន្ទីរសុខាភិបាល នៅខេត្តគោលដៅដែលបានចូលរួមអនុវត្តវិស័យសុខាភិបាល។

លោក យៀប ម៉ាលីណូ បានបន្តថា លោកបានចូលរួមកម្មវិធីរបស់ដុកទរ (លី ជុងអ៊ុក) នៅខែកញ្ញា ឆ្នាំ២០១៩ ទាំងអស់គ្នាដឹងហើយនៅមុនកូវីដកើតឡើង និងបានរៀនសូត្រភាពជាអហនកដឹកនាំ និងការគ្រប់គ្រង ក្នុងអំឡុងការរីករាលដាលនៃជំងឺសានៅក្នុងប្រទេសកូរ៉េ កម្មវិធីបាននាំទៅមើលសូម្បីតែទីតាំងដែលបញ្ជាប្រតិបត្តិការក្នុងការឆ្លើយតបនៃការរីករាយដាលនៃជំងឺ នេះជាការចងចាំមួយដែលមិនអាចបំភ្លេចបាន។ នៅខែ១២ ឆ្នាំ២០១៩ជំងឺសា បានមកដល់កម្ពុជាជាលើកដំបូង ពេលនោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារដើម្បីឆ្លើយតប ក្រសួងសង្គមកិច្ចបានអនុញ្ញាតឱ្យលោកជាបុគ្គលិកមួយរូប នៅក្នុងក្រុមការងារបណ្តុះបណ្តាលផងដែរ។

ទន្ទឹមនឹងនោះដែរ លោក ឆន មីនហ្យុន បានលើកឡើងដែរថា ថ្វីត្បិតតែ១០ឆ្នាំមិនមែនជារយៈពេលវែងឆ្ងាយក្នុងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យក៏ដោយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលក្នុងរយៈពេល១០ឆ្នាំ ដំបូងមានសារៈសំខាន់ណាស់។ លោកបានបន្តថា នៅពេលណាដែលខ្ញុំបានជួបនិស្សិតបញ្ចប់ការសិក្សានៃកម្មវិធី Jong-wook Lee Fellowship ពេលកំពុងធ្វើសកម្មភាពខាងក្រៅជាប្រធាន ពួកគេទាំងអស់គ្នាបាននិយាយថា «ទោះបីជាវគ្គសិក្សាពិបាកក៏ដោយ ក៏មានមោទនភាពដែលបានបញ្ចប់កម្មវិធីដោយស្មោះត្រង់ ហើយក្លាយជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Inje និងKGA ( KOFIH Global Alumni)» ពួកគេមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីការដឹងគុណ និងផ្តល់ឱ្យខ្ញុំនូវការវាយតម្លៃជាវិជ្ជមាន។

លោកសង្ឃឹមថា ថ្ងៃនេះនឹងក្លាយជាឱកាសដ៏មានតម្លៃមួយ ដើម្បីមើលទៅអតីតកាល១០ឆ្នាំ និងរៀបចំសម្រាប់ ១០ឆ្នាំខាងមុខ។ ប្រសិនបើកម្ពុជា និងសាកលវិទ្យាល័យ Inje សហការគ្នា យើងនឹងអាចសម្រេចបាននូវវិបុលភាពទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព និងវិបុលភាពសម្រាប់អាស៊ានទាំងមូលផងដែរ៕