(ភ្នំពេញ)៖ ក្រុមហ៊ុនតាកតាក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស តាកតាក ជាផ្លូវការហើយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងស្វែងរកការងារ ជូនយុវជន យុវនារីខ្មែរ ទៅធ្វើការនៅជប៉ុន។

ទីប្រឹក្សានៃក្រុមហ៊ុនតាក តាក លោក យិន សុវណ្ណី បានថ្លែងថា «នេះជា​ឱកាសដ៏មានតម្លៃ ដល់យុវជន យុវនារីខ្មែរ ក្នុងការក្រេបជញ្ជក់ យកចំណេះវិជ្ជា ជំនាញ ពិសេសរបៀបរបបរស់នៅ និងភាពជាពលរដ្ឋល្អ ក្នុងសង្គមជប៉ុន ដែលខ្ញុំសង្ឃឹមមុតមាំថា យុវជន យុវនារី ដែលទៅប្រទេសជប៉ុន នឹងត្រឡប់មកមាតុភូមិវិញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដោយជួយផ្សារភ្ជាប់ទំនងទំនង រវាងប្រទេសកម្ពុជា និងជប៉ុន ឲ្យកាន់តែមានភាពល្អប្រសើរ ស្ថិតស្ថេរតរៀងទៅ»។

លោកបន្ដថា​ ក្រុមហ៊ុន តាកតាក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង ពិសេសជួយអភិវឌ្ឍប្រទេសកម្ពុជាមួយចំណែកធំផងដែរ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនតាកតាក នឹងបន្ដដំណើរដោយរលូន នឹងទទួលបានជោគជ័យ ទៅមុខបន្ថែមទៀត ដើម្បីបង្កើតកម្មវិធីផ្សេង មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ចំណេះដឹងផ្សេងៗទៀត និងជួយរកការងារ ឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើឲ្យបានច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន តាកតាក ត្រូវបានបង្កើតឡើង ដោយកិច្ចសហការរវាងភាគីជប៉ុន លោក អិហ្គាវ៉ា ម៉ាសាយូគិ និងភាគីកម្ពុជា អ្នកសី្រ វួន សុវិរីយ៍ ដែលបានចុះឈ្មោះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ និងទទួលបានប្រកាសអនុញ្ញាត ឲ្យធ្វើការជ្រើសរើស បណ្ដុះបណ្ដាលបញ្ជូន និង​គ្រប់គ្រងកម្មសិក្សាការីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ៕