(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវម្ចាស់ចំការស្វាយចាប់បាន ​និងម្នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពេលជិះម៉ូតូមួយគ្រឿងទៅលួចផ្លែស្វាយ ហើយត្រូវម្ចាស់គេតាមទាន់ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច នាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិអន្លង់​ ឃុំព្រែកតាម៉ាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ចំការស្វាយ ឈ្មោះ ឈឿន​ សារ៉ុម​ អាយុ​៣៦​ឆ្នាំ​ រីឯជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ មាស​ ពិសី​​ អាយុ​២១​ឆ្នាំ​ និងម្នាក់ទៀត កំពុងរត់គេចខ្លួនឈ្មោះ មាស​ ម៉ង់​ ​អាយុ​៤០​ឆ្នាំ​។

បើតាមមន្ដ្រីនគរបាល កន្លងមកជនសង្ស័យធ្លាប់នាំគ្នា ទៅលួចផ្លែស្វាយរបស់ជនរងគ្រោះម្តងមកហើយ យកទៅលក់នៅផ្សារ នៅភ្នំពេញលុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបាននាំគ្នាមក លួចផ្លែស្វាយជនរងគ្រោះម្តងទៀត ខណៈកំពុងបេះច្រកបាវ​ ស្រាប់តែម្ចាស់គេមកឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនឹង​ចាត់ការបន្ដ៕