(តាកែវ)៖ ស្ត្រីពិការម្នាក់នៅខេត្តតាកែវ ដែលបានឈ្នះក្តីក្នុងករណីវិវាទដីស្រែប្រាំងមួយកន្លែង បានចេញមុនមកបំភ្លឺចំពោះការចុះផ្សាយព័ត៌មានលើបណ្តាញសង្គមពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការខេត្តតាកែវ ដែលសម្រេចឱ្យអ្នកស្រីឈ្នះក្តី។

ការចេញមុខមកបំភ្លឺរបស់ស្ត្រីជាជនពិការរូបនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយបានចុះផ្សាយថាការសម្រេចសេចក្តីរបស់តុលាការដូចមានក្នុងសាលក្រមខាងលើ គឺមិនមានភាពប្រក្រតីត្រង់ចំណុចដែលមេធាវីតំណាង ឱ្យឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ បានលើកឡើងថាកូនក្តីរបស់ខ្លួនជាកូនចិញ្ចឹមរបស់ឈ្មោះ ប៉ុល មៅ ហេតុដូចម្តេចកូនក្តីរបស់ខ្លួនមិនទទួលបានដីពីឪពុកម្ដាយចិញ្ចឹមបែបនេះ។

យោងតាមលិខិតបំភ្លឺផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News លោកស្រី ប៉ុល ស៊ីថេត អាយុ៦៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបរាបដូចខាងក្រោម៖

កាលអំឡុងឆ្នាំ២០២២ ឈ្មោះ ជា ស៊ីថន និងឈ្មោះ ដា រិទ្ធ បានដាក់ពាក្យបណ្តឹងចូលមកសាលាដំបូងខេត្តតាកែវ ប្តឹងទាមទារដីស្រែប្រាំង ដែលជាកម្មសិទ្ធិរបស់នាងខ្ញុំ ដោយរូបគេធ្វើការអះអាងភ្ជាប់មកជាមួយឯកសារក្លែង ដើម្បីបំភ័ន្តតុលាការ ក្នុងការចោទប្រកាន់មកលើរូបនាងខ្ញុំ ដូចមានក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១២៩ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តតាកែវ។ ក្រោយមកបន្ទាប់ពីសាលាដំបូងខេត្តតាកែវ បានអនុវត្តនីតិវិធីចប់សព្វគ្រប់រួចមក សាលាដំបូងខេត្តតាកែវ បានចេញសាលក្រមរដ្ឋប្បវេណីលេខ៖០៤ «ច» ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយតុលាការសម្រេចប្រគល់ដីទាំងនោះមកឱ្យនាងខ្ញុំជាម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដ។

ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានសារព័ត៌មានឈ្មោះ ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន យូ បានចុះផ្សាយថាការសម្រេចសេចក្តីរបស់តុលាការដូចមានក្នុងសាលក្រមខាងលើ គឺ មិនមានភាពប្រក្រតីត្រង់ចំណុច ដែលមេធាវីតំណាងឱ្យឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ បានលើក ឡើងថា «កូនក្តីរបស់ខ្លួនជាកូនចិញ្ចឹមរបស់ឈ្មោះ ប៉ុល មៅ ហេតុដូចម្តេចកូនក្តីរបស់ខ្លួនមិនទទួលបានដីពីឪពុកម្ដាយចិញ្ចឹមបែបនេះ។

ដោយការលើកឡើងនេះហាក់បីដូចជាមើលងាយដល់ការសម្រេចសេចក្តីរបស់ស្ថាប័នតុលាការជាខ្លាំង ព្រោះតែឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ ពិតជាមិនមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមតែជាកូនចិញ្ចឹមតែប៉ុណ្ណោះ ដូច្នេះគឺមិនមានសិទ្ធិក្នុងការទទួលបានដីនោះទេ។ ក្នុងករណីប្រសិនបើឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ ពិតជាមានសិទ្ធិក្នុងការទទួលមរតកពីឪពុកម្តាយរបស់លោកស្រី ឈ្មោះ ប៉ុល ម៉ៅ មែននោះពួកគេគួរណាស់តែមានឯកសារបញ្ជាក់ថា ពិតជាទទួលដីពីឪពុកម្តាយរបស់លោកស្រីពិតមែន។

តាមរយៈលិខិតដដែលស្ត្រីចំណាស់ពិការដៃរូបនេះ បានឱ្យដឹងថា ប៉ុន្តែជាក់ស្ដែង មុនពេលឪពុកម្តាយស្រី បានទទួលមរណភាពគាត់បានធ្វើលិខិតផ្ទេរកម្មសិទ្ធិដីទាំងនោះ មកឱ្យលោកស្រី និងមានអ្នកភូមិដឹងឮជាច្រើនអ្នកផងដែរ។ ជាក់ស្ដែងនៅក្នុងសំណុំរឿងខាងលើ គឺលោកស្រីពិតជាម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដ ដោយ ហេតុថាឯកសារកម្មសិទ្ធិដីទាំងអស់គឺជាឈ្មោះរបស់ប្តីលោកស្រី និងឪពុករបស់លោកស្រី ក្នុងនោះដែលលោកស្រីក៏មានសាក្សីជាបងប្រុសបង្កើត ក៏ដូចជាឯកសារបញ្ជាក់ពីឪពុកម្តាយ ដែលសរសេរផ្ដាំទុកមុន ពេលពួកគាត់ទទួលមរណភាព បញ្ចាក់ថាដីទាំងអស់នេះមានការបែងចែកយ៉ាងត្រឹមត្រូវរួចមកហើយ៕

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ស្ត្រីចំណាស់ពិការដៃ ប៉ុល ស៊ីថេត៖