(វៀងច័ន្ទ)៖ មន្រ្តីជាន់ខ្ពស់មកពី បណ្តាប្រទេសអាស៊ាន បានជួបគ្នានៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវនាថ្ងៃចន្ទនេះ ដែលជំនួបពិភាក្សានេះ ធ្វើឡើងនៅមុន ដំណើរមកដល់របស់ថ្នាក់ ដឹកនាំរដ្ឋាភិបាលកំពូលៗ ដែលនឹងអញ្ជើញចូលរួម បើកកិច្ចប្រជុំលើកទី២៨ និងទី២៩ នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន រួមនឹងជំនួបផ្សេងៗទៀត ដែលនឹង ប្រព្រឹត្តទៅចាប់ពីអង្គារ ទី០៦ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

របៀបវារៈនៃជំនួប ពិភាក្សាត្រៀម រវាងមន្រ្តីជាន់ខ្ពស់នៅថ្ងៃចន្ទនេះរួមមាន កិច្ចពិភាក្សាអំពី ការរៀបចំនិងការព្រមព្រៀងលើឯកសារនានា នៅមុនពេលការចាប់ផ្តើមនៃកិច្ចប្រជុំ អាស៊ានដែលមានការចូលរួមពីថ្នាក់ដឹកនាំ បណ្តាប្រទេសចំនួន១០ ដែលជាសមាជិក ក៏ដូចជាបណ្តាប្រទេសមហាអំណាច ជាដៃគូដ៏ទៃៗទៀត។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេស រួមជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ច និងរដ្ឋមន្រ្តីពាណិជ្ជកម្ម ទាំងអស់មកពី បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏បានអញ្ជើញមកចូលរួមនៅក្នុងជំនួបដទៃទៀត ដូចជាកិច្ចប្រជុំស្តីពីវិយោគទុន និងពាណិជ្ជកម្មប្រចាំឆ្នាំ២០១៦ ដែលប្រារព្ធទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំអាស៊ានលើកទី២៨ និង២៩ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា នឹងមានការចូលរួមពី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ផងដែរ ដែលនេះគឺជាដំណើរទស្សនកិច្ច មកកាន់ប្រទេសឡាវ ជាលើកដំបូងក្នុងនាម មេដឹកនាំអាមេរិក មកកាន់ទឹកដីប្រទេសអាស៊ានមួយនេះ៕