(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយចំនួន ទៅចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី១៣ ដែលមាន ប្រធានបទ «ការកសាងផ្លូវសូត្រសមុទ្រសតវ្សរ៍ទី២១ និង វេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី១»។ កម្មវិធីខាងលើនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងណាននីញ ខេត្រក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមអញ្ជើញរបស់ រដ្ឋាភិបាលចិន។

គួរបញ្ជាក់ថា គណៈប្រតិភូអមដំណើររួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិក​រាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសកម្ពុជា ដែលផ្សព្វផ្សាយឲ្យដឹង នៅមុននេះបន្តិច។

សូមជំរាបថា នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាននឹងកំពុងស្ថិតនៅប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៕