(ភ្នំពេញ)៖ ប្រធានសហជីពនានានៅកម្ពុជា បានលើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលរាជរដ្ឋាភិបាល បានដោះស្រាយចំពោះករណីរោងចក្រ ស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) គឺជារឿងត្រឹមត្រូវស្របតាមច្បាប់ជាមូលដ្ឋាន។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងថា ដំណោះស្រាយទាំង៣ចំណុចដែលផ្តល់ឱ្យកម្មកររោងចក្រអ.ជី ហ្វ៊ូតវែរ ដែលរួមមាន ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%ជារឿងត្រឹមត្រូវ។

ប្រធានសហជីពរូបនេះ ពន្យល់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ ជាករណីប្រធានសក្តិដោយសារតែការខូចខាតទាំងស្រុងដោយអគ្គីភ័យដែលមិនអាចស្រោចស្រង់បានវិញបានឆាប់ៗនោះទេ ហើយមួយវិញទៀត កម្មករនិយោជិតក្នុងរោងចក្រទាំងអស់ បានប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ដែលធ្វើឱ្យកម្មករទទួលបានសំណងចំនួន៣ចំណុចនេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកម្មករទទួលយកដំណោះស្រាយខាងលើ ដោយលើកឡើងថា «សូមបងប្អូនកម្មករនៃរោងចក្រ R.G Footwear ទាំងអស់មកទទួលយកសំណងដែលក្រសួងបានប្រកាសថានឹងផ្តល់ជូនបងប្អូននៅថ្ងៃទី៣០ ខែមីនា ២០២៤ សូមកម្មករនិយោជិតទាំងអស់យល់អំពីផ្លូវច្បាប់ សូមបងប្អូនមកទទួលយកសំណងបានគ្រប់ៗគ្នា»

បន្ថែមពីនេះ ប្រធានក្រុមប្រឹក្សាជាតិសហជីព លោក សំ សឿន យល់ឃើញដូចគ្នាដែរថា ដំណោះស្រាយទាំង៣ចំណុចដែលបានដាក់ចេញជូនកម្មករនៃរោងចក្រ អ.ជី គឺស្របតាមច្បាប់ដែលមានចែងជាធរមាន ព្រោះការក្ស័យធនកើតឡើងដោយប្រធានសក្តិ និងកម្មករប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)ត្រូវទទួលបានដំណោះស្រាយចំនួនបីចំណុច។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង៨៖៣០នាទីតទៅ។ ជាមួយដំណោះស្រាយខាងលើ សហជីពនានាបានអំពាវនាវ ឱ្យកម្មករនិយោជិតទាំងអស់ទទួលយកដោយរីករាយហើយចៀសវាងការជឿពីមជ្ឈដ្ឋានមួយចំនួនដែលមិនបានផ្អែកទៅតាមច្បាប់ការងារ៕