(ព្រះវិហារ)៖ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ព្រះសង្ឃ ជាង៣០០អង្គ/នាក់ បានរៀបចំទិវាបរិស្ថាន ដោយដើររើសសំរាមតាមដងផ្លូវសំខាន់ៗក្នុងទីប្រជុំជន ស្រុកសង្គមថ្មី។

លោក ស៊ាប កែវជីវ៉ា បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ដែលបានចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញ និងនិមន្ត ចូលរួមក្នុងទិវាបរិស្ថាន នាពេលនេះ។

លោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា មិនថាទីកន្លែងណានោះទេ រួមទាំងផ្ទះសំបែងរបស់យើង កន្លែងធ្វើការរបស់យើង ទីសាធារណៈផ្សេងៗដូច សាលារៀន វត្តអារ៉ាម និងទីផ្សារលក់ទំនិញ ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗទៀត បើបរិស្ថានជុំវិញមិនល្អទេ ទោះជាទីនោះទំនើប ស៊ីវិល័យយ៉ាងណា ក៏ពុំសូវមានការទាក់ទាញដែរ។

លោកថា ការរៀបចំទិវាបរិស្ថាននាពេលនេះ ក៏ចង់បំផុសផ្នត់គំនិតបងប្អូនប្រជាពលរដ្ឋ ឲ្យចេះទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ពិសេសគឺការសម្អាតអនាម័យ បរិស្ថាន ជុំវិញផ្ទះរបស់គាត់ ឲ្យបានស្អាត។ លោកក៏អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជុំវិញស្រុក ត្រូវធ្វើជាគំរូដោយយកចិត្តទុកដាក់សម្អាតអនាម័យ បរិស្ថាន នៅកន្លែងធ្វើការ ឲ្យបានស្អាតជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ទិវាបរិស្ថានដែលរៀបចំដោយរដ្ឋបាលស្រុកសង្គមថ្មី នាពេលនេះ គឺថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក បានដើររើសសំរាម ចាប់ពីចំណុចមុខសាលាស្រុក រហូតដល់ភូមិស្តៅ ឃុំស្តៅ ដោយប្រើប្រាស់មធ្យោបាយដឹកសំរាមរថយន្តចំនួន៤គ្រៀង៕