(ព្រៃវែង)៖ លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម ជាមួយលោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោក HU Jian Hai (ហ៊ូ ជៀនហៃ) អគ្គលេខាធិការរង សភាពាណិជ្ជកម្មកម្ពុជា-ចិន និងលោកស្រី HUANG RUI FEl ព្រមទាំងសហការី ដើម្បីជួបពិភាក្សាការងារ។

លោក HU Jian Hai (ហ៊ូ ជៀនហៃ) បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តព្រៃវែង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោកនៅក្នុងជំនួបពិភាក្សា សម្ដែងការគួរសម និងការផ្ដល់ម៉ាស៊ីនអ៊ុកស៊ីសេននាថ្ងៃនេះ។

ក្នុងជំនួបពិភាក្សាសម្ដែងការគួរសមនេះ លោក HU Jian Hai (ហ៊ូ ជៀនហៃ) ក៏ប្រគល់ទូរម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៨គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើការងារ ក្នុងវិស័យសុខាភិបាល ក្នុងខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ ជួយសង្គ្រោះដល់អ្នកជំងឺ។

មិនត្រឹមតែប៉ុណ្ណោះទេ លោក HU Jian Hai (ហ៊ូ ជៀនហៃ) បាន​ឧបត្ថម្ភអាគារសិក្សា ចំនួន០៥អាគារ ដែលមានទីចាត់ការចំនួន០១បន្ទប់ បន្ទប់រៀនចំនួន១៤បន្ទប់ និងបន្ទប់ទឹក១ សរុប១៦បន្ទប់ ក្នុងសាលាបឋមសិក្សាបារាយណ៍លិចថ្មី ស្ថិតនៅសង្កាត់បារាណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ផងដែរ។

ជាមួយគ្នានេះដែរ លោក សួន សុម៉ាលីន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការជួយជ្រុងជ្រែង របស់លោក HU Jian Hai ដែលបានឧបត្ថម្ភ ផ្តល់នៅទូរម៉ាស៊ីនអុកស៊ីហ្សែន និងសម្ភារៈ ផ្សេងៗទៀត ព្រមទាំងផ្ដល់នូវអគារសិក្សា សម្រាប់សាលាបឋមសិក្សាបារាយណ៍លិច ដើម្បីបង្កភាពងាយស្រួលដល់ការសិក្សារបស់ ក្មេងៗសិស្សានុសិស្ស នៅក្នុងសង្កាត់បារាយណ៍នេះ ឲ្យទទួលបាននូវគុណភាពចំណេះដឹង​ កាន់តែល្អប្រសើរបន្ថែមទៀត៕