(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងកម្លាំងចម្រុះ បានចុះណែនាំដល់ម្ចាស់ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក គង់ សុភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងជាអ្នកដឹកនាំផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញមន្ទីរសហការ ជាមួយកម្លាំងអាជ្ញាធរ ឃុំ ស្រុក ចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពគោលការណ៍៣ចំណុច រួមមាន៖

១៖ រថយន្តដឹកកុំឲ្យលើសទម្ងន់ គឺដឹកស្មើទ្រុង
២៖ ត្រូវដឹក ខ្សាច់ស្ងួតកុំឲ្យមានទឹកហូរស្រក់លើថ្នល់
និងទី៣៖ គ្រប់រថយន្តដឹកត្រូវចងក្រណាត់បិទ ឬតង់ឲ្យជិតល្អ ការពារការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។

លោក គង់ សុភាព បានបញ្ជាក់ទៀតថា ការងារនេះ ជំនាញបានចុះណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺដេប៉ូខ្សាច់ គ្រួស ការដ្ឋានកិនថ្ម និងដឹកដី ផងដែរ។ ពោលគឺ ក្នុង១ឆ្នាំជំនាញ បានចុះណែនាំដល់បងប្អូនទាំងនោះរហូត ៣ដងឯណោះ យើងអនុវត្តន៍បែបនេះជារៀងរាល់ឆ្នាំ តែពិតជានៅមានការដឹកលើសការណែនាំតិចតួច ដោយពួកគាត់លក់ដេញគ្នាប្រជែងទីផ្សារ។

លោកបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះដែរយើងសង្ឃឹមថា ម្ចាស់អាជីវកម្ម ខ្សាច់ គ្រួស ថ្ម និងដឹកដី ទាំងអស់នឹងចូលរួមផ្តល់កិច្ចសហការ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានណែនាំ តែបើម្ចាស់អាជីវកម្ម ណានៅបន្តការដឹកលើសទម្ងន់ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទ ទីតាំងនោះតែម្តង៕