(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាគ្នា ដើម្បីរៀបចំផែនការសកម្មភាពរួមគ្នាជាមួយ ក្រសួង ស្ថាប័ន និងប្រពន្ធ័ផ្សាយរបស់រដ្ឋ និងឯកជន ក្នុងការពង្រឹងពង្រីកការផ្សព្វផ្សាយ អប់រំ ពីការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

កិច្ចពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា ជាមួយក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលការងារផ្សព្វផ្សាយ អប់រំ ទំនាក់ទំនងសាធារណៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចការងាររបស់ គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ មានភារកិច្ច - ដាក់ចេញនូវវិធានការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន គោលដៅទេសចរណ៍ គ្រឹះស្ថានសិក្សា និង សហគមន៍នានាជាដើម ដើម្បីកំណត់គោលដៅងាយកើតមានបទល្មើសគ្រឿងញៀន និងមុខសញ្ញា ងាយរងគ្រោះដោយសារឥទ្ធិពលនៃគ្រឿងញៀននៅតាមភូមិសាស្ត្រនីមួយៗ ព្រមទាំងណែនាំអំពីការរៀបចំផែនការសកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ និងមានកម្មវិធីត្រួតពិនិត្យដើម្បីធ្វើឱ្យវិធានការនេះមានប្រសិទ្ធភាព៖

*រៀបចំកម្មវិធីបំផុសចលនាឱ្យមានសកម្មភាពចូលរួមពីគ្រប់សមាសភាពនៃសង្គម ដើម្បីផ្សព្វផ្សាយ អប់រំ អំពីច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀន តាមរយៈវេទិកាផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព វេទិកាសិល្បៈ ការប្រគុំតន្ត្រី កម្មវិធីកីឡា ភាពយន្ត គំនូរ កំណាព្យ ពាក្យស្លោក ខិត្តប័ណ្ណ ផ្ទាំងរូបភាព សារទូរស័ព្ទ វេទិកា ឬកម្មវិធីសាសនា និងសកម្មភាពផ្សេងៗទៀត ជាពិសេស សកម្មភាពផ្សព្វផ្សាយអប់រំដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ,

*រៀបចំបញ្ចូលនៅក្នុងកម្មវិធីសិក្សាអប់រំអំពីច្បាប់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិស្ស និស្សិត ព្រមទាំងរៀបចំវេទិកាផ្សព្វផ្សាយជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាឱ្យបានទូលំទូលាយ

* បំផុសចលនាបុគ្គលដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ឱ្យទៅទទួលការព្យាបាលនិងស្តារ នីតិសម្បទានៅតាមសហគមន៍ និងមណ្ឌលបណ្តោះអាសន្ននានាទាំងរដ្ឋ និងឯកជន

*រៀបចំក្រុមការងារវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ អប់រំ អំពីច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមក្នុងចលនាជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ស្របតាមទិសស្លោក ៣កុំ ១រាយការណ៍នៅតាមកម្មវិធីទូរទស្សន៍ វិទ្យុ បណ្តាញផ្សាយ ព័ត៌មានសង្គម ឱ្យបានជាប់ជាប្រចាំ

*រៀបចំកម្មវិធី និងខ្លឹមសារ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគ្រូបង្គោលឱ្យបានទូលំទូលាយសំដៅពង្រឹងនិងពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំអំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀនឱ្យសស្រាក់សស្រាំក្លៀវក្លា។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានជម្រាបជូនថា ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវឆន្ទៈដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនជាការងារអាទិភាព ក៏ដូចជាចូលរួមចំណែកអនុវត្តឱ្យបានសម្រេចនូវខ្លឹមសារស្តីពីគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារផ្សព្វផ្សាយ អប់រំ និង ទំនាក់ទំនងសាធារណ: មានមោទនភាពខ្ពស់បានមកជួបពិភាក្សាការងារផ្ទាល់ជាមួយ លោកនេត្រ ភក្ត្រា ដើម្បីលើកឡើងពីពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន ហើយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា។

បញ្ហាគ្រឿងញៀនជាក្តីកង្វល់របស់រាជរដ្ឋាភិបាល វាមិនត្រឹមតែបង្កបញ្ហាដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះ វាបានបណ្តាលអោយមានបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលសកលលោកកំពង់យកចិត្តទុកដាក់លើកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយ អប់រំ នៅតាមទីសាធារណៈទូទៅ ពិសេសនៅតាមសាលារៀន អោយសិស្សានុសិស្ស និងយុវជន យុវនារី ទាំងអស់បានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន ជៀសអោយឆ្ងាយពីគ្រឿងញៀន។

លោកបន្ដថា ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថា៖ កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»