(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាសម្ភារៈវិជ្ជាសង្គ្រោះបឋម ចំនួន៨មុខ សរុបជាថវិកា ៨,៧៦១ដុល្លារ ពីក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd
ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ការនាំយកសម្ភារៈវិជ្ជាសង្គ្រោះបឋមខាងលើនេះមកឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងឳកាសនោះលោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤នេះ។

លោកស្រីបានលើកយកកិច្ចពិភាក្សាអំពីព្រឹត្តិការណ៍សំខាន់មួយដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងគិត និងមានបំណងចង់ឱ្យក្រុមហ៊ុនខាងលើបន្តការចូលរួមជាមួយ គឺការរៀបចំទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «វិជ្ជាសង្រ្គោះបឋមនិងកីឡា»។

ជាមួយគ្នានេះលោកស្រីអគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីខ្លឹមសារ និងសកម្មភាពសំខាន់ៗមួយចំនួន ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើការផ្សព្វផ្សាយដល់ សិស្ស-និស្សិត សាធារណជន និងប្រជាជននៅតាមសហគមន៍ ឱ្យមានការយល់ដឹងលើកកម្ពស់ការថែទាំសុខភាព និងជាពិសេសគឺធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ទន្ទឹមនឹងនេះលោកស្រីបានគូសបញ្ជាក់ពីសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងស្នូល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ធ្វើជា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅតាមគ្រឹះស្ថានសិក្សារបស់ពួកគេផងដែរ។

ជាកិច្ចឆ្លើយតប លោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ពិតជាមានការសប្បាយរីករាយ និងប្តេជ្ញាចិត្តនៅក្នុងការចូលរួមសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា ដោយយកដំណឹងនេះ ទៅជួបពិភាក្សាជាមួយនាយកដ្ឋានជំនាញរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឡើងឱ្យបានល្អប្រសើរ នាសាលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួម សហការពីក្រុមនានា សហគ្រិនវ័យក្មេងរបស់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបជូនថា សម្ភារៈវិជ្ជាសង្គ្រោះបឋម ជូនកាកបាទក្រហមកម្ពុជា រួមមាន៖ សម្ភារៈបិទAED សម្រាប់បណ្តុះបណ្តាល ចំនួន ៥ឈុត, ឧបករណ៍ផ្តល់ដង្ហើម ១០ឈុត, កញ្ចប់សង្គ្រោះបឋមសម្រាប់ឃាត់ឈាម ១០ឈុត, កញ្ចប់សង្គ្រោះបឋម ១០ឈុត, ម៉ានីកាំងមានភ្លើងសម្រាប់ធ្វើចលនាCPR ១ឈុត, ម៉ាស៊ីន AED ៣ឈុត, ប៉ាណូបញ្ឈរសម្រាប់ផ្សព្វផ្សាយសង្គ្រោះបឋម ៦០ឈុត, និងសម្ភារៈស្កេនមេរៀនសង្គ្រោះបឋមដាក់លើតុ ១២០ឈុត៕