(អង់ការ៉ា)៖ នាយករដ្ឋមន្រីតួកគី លោក Binali Yildirim បានប្រកាសថាតំបន់ព្រំដែន រវាងតួកគី និង ស៊ីរីមានសុវត្ថិភាពទំាងស្រុងហើយ នៅបន្ទាប់ពីកងកម្លំាងតួកគី និង ក្រុមឧទ្ទាមស៊ីរី គំាទ្រដោយទីក្រុងអង់ការ៉ា បានវាយបណ្ដេញក្រុម ISIS ចេញពីទីតំាងឈរជើងចុងក្រោយជា ច្រើន ដែលក្រុមមួយនេះ ធ្លាប់គ្រប់គ្រងកន្លងមក។ នេះបើយោងតាមការឱ្យដឹងពី សារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៥ ខែ កញ្ញា ឆ្នាំ២០១៦ នេះ។

« ចាប់ពីតំបន់ Azas រហូតដល់ តំបន់ Djarabulus, តំបន់ព្រំដែន របស់យើងជាង ៩០ គីឡូម៉ែត្រ មានសុវត្ថិភាពទំាងស្រុងហើយ»។ នេះគឺជាការអះអាងរបស់ លោក Binali Yildirim ធ្វើឡើង នៅក្នុងពេលថ្លែងសុន្ទរកថា មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ ដោយឡែក អង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី ក៏បានទទួលស្គាល់ផងដែរចំពោះការអះអាងនេះ ដោយបញ្ជាក់ថា តាមរយៈការបាត់បង់ទីតំាងឈរជើងទំាងនេះ នឹងធ្វើឱ្យក្រុមរដ្ឋអ៊ីស្លាម ISIS លែងមាន ទំនាក់ទំនងជាមួយនឹងពិភពក្រៅទៀតហើយ។

សូមជំរាបថា រដ្ឋាភិបាលតួកគី បានបើកប្រតិបត្តិការយោធា ចាប់តំាងពីថ្ងៃ ទី ២៤ខែ សីហាមក នៅឯតំបន់ ភាគខាងជើង ប្រទេសស៊ីរី ដោយអះអាងថា មានគោលដៅកម្ទេចក្រុម ISIS មិនមែនកងជីវពលឃឺដនោះទេ ខណៈក្រុមអង្កេតការណ៍ភាគច្រើនយល់ថា ប្រតិបត្តិការនេះមានគោលដៅប្រឆំាងនឹងក្រុមឧទ្ទាមឃឺដ។ វាជាប្រតិបត្តិការសងសឹកចំពោះ ការវាយប្រហារពិធីមង្គលការមួយ ភាគខាងត្បូងតួកគីកាលពីខែសីហា ដែលបានសម្លាប់មនុស្ស ៥៧នាក់ និង ជាង២០០នាក់រងរបួស៕