(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ដែលជាជ័យលាភីទៅសិក្សានៅប្រទេសជប៉ុន។ កម្មវិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកហេង សួរ បានរំលឹកពីការផ្តួចផ្តើមគំនិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការបង្កើតឱ្យមានកម្មវិធីជួបជុំជូនដំណើរដល់និស្សិតជ័យលាភីទៅបរទេសដើម្បីឱ្យបានស្គាល់ពីសិស្សច្បងជំនាន់មុនដែលធ្លាប់បានចេញទៅសិក្សា ក៏ដូចជាការចែករំលែកបទពិសោធន៍នៃការសិក្សា និងការរស់នៅនៅបរទេសជាដើម។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បញ្ជាក់ជូនប្អូនៗនិស្សិតឱ្យខិតខំសិក្សារៀនសូត្រទាំងជំនាញ និងកិច្ចការទំនាក់ទំនងក្នុងសង្គមដែលក៏ជាចំណុចសំខាន់មួយក្នុងជីវិតការងារផងដែរ។

បន្ថែមពីនេះ ក្នុងនាមនិស្សិតដែលធ្លាប់សិក្សានៅប្រទេសជប៉ុនដែរនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែលបានចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា។

ក្នុងពិធីសំណេះសំណាលនោះ លោក សុង វិចិត្ត ដែលបានឡើងថ្លែងតំណាងឱ្យក្រុមនិស្សិត បានអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលចំណាយពេលសម្រាប់ជួបសំណេះសំណាល និងផ្តល់ឱវាទដល់និស្សិតដែលនឹងទៅសិក្សានៅប្រទេសជប៉ុនដើម្បីជាទុនក្នុងជីវិតនៅបរទេស៕