(ភ្នំពេញ)៖ ប៉ូលិសប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ រងការរិះគន់ថា បានដេញអ្នកសារព័ត៌មានចេញពីបរិវេណតុលាការ បើទោះបីអ្នកកាសែតរូបនេះ គ្រាន់តែចូលក្នុងតុលាការ ដោយមិនធ្វើការផ្តិតរូបភាពក៏ដោយ។ ប្រធានតុលាការ បញ្ជាក់ថា អ្នកកាសែតមានសិទ្ធិចូលតុលាការ តែហាមផ្តិតយករូបភាព ទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា សសសក លោក ហ៊ុយ វណ្ណៈ ថ្លែងថា ករណីនេះអាចជាការមិនយល់គ្នារវាងមន្ត្រីតុលាការ និង អ្នកសារព័ត៌មាន ដែលគប្បីរកចំណុចកណ្ដាលដែលល្អប្រសើរមួយ។

លោក ទេស ឆាយានាថ ភ្នាក់ងារព័ត៌មានរបស់ទូរទស្សន៍ BTV News ប្រចាំស្ថាប័នតុលាការ ថ្លែងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ រូបលោកបាន ចូលយកព័ត៌មាន ក្នុងតុលាការដូចសព្វមួយដង។ លោកបានអង្គុយលើបង់ជិតជណ្ដើរដើរទៅលើអគារតុលាការ តែម្នាក់ឯង។

មួយសន្ទុះក្រោយមក ឃើញមន្ត្រីប៉ូលិសវ័យចំណាស់ម្នាក់ បានស្រែកពីចម្ងាយក្នងអាកប្បកិរិយាមួយមិនសមរម្យថា «ចេញពីតុលាការ» ។ លោក ឆាយានាថ ឆ្លើយតបវិញក្នុងនាមជាអ្នកស្គាល់គ្នា ថា «ខ្ញុំមិនថតរូបទេពូ» «តែប៉ូលិសចំណាស់នោះ នៅតែស្រែកឲ្យចេញពីតុលាការ ទាំងក្នុងចំណោមខ្សែភ្នែកមហាជន»

ក្រោយមក លោក ឆាយានាថ បានដើរចេញពីបរិវេណតុលាការ តាមការស្រែកបញ្ជាឲ្យចេញពីសំណាក់មន្ត្រីប៉ូលិសតុលាការ ដែលជិតចូលនិវត្តន៍រូបនេះ។

ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ថ្លែងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ថា អ្នកកាសែតមានសិទ្ធិចូលតុលាការ តែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង ។

លោក ស៊ុនឡាយ បន្ថែមថា ជាទម្លាប់របស់អ្នកកាសែត ដែលតែងតែចូលក្នុងបរិវេណតុលាការថតរូបភាព ទោះបីឃើញបទបញ្ជាផ្ទៃក្នុងក៏ដោយ។

គេនៅចាំបានថា កាលពីជំនាន់លោក ជីវ កេង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីប៉ូលិសប្រចាំតុលាការពុំដែលហាមឃាត់អ្នកសារព័ត៌មានឡើយ បើគ្រាន់តែថតរូបនោះ ដែលនេះបង្ហាញពីការសហការគ្នាល្អរវាងតុលាការ និងអ្នកសារព័ត៌មាន។

កាលពីពេលថ្មីៗនេះ ប៉ូលិសសាលាដំបូងរាជធានីភ្នំពេញ ម្នាក់ផ្សេងទៀត ក៏ត្រូវបានលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM រិះគន់ផងដែរថា មានអាកប្បកិរិយាមិនសមរម្យចំពោះរូបលោក ដោយរុញច្រានឲ្យចេញពីមុខតុលាការ ពេលកំពុងផ្ដល់បទសម្ភាសន៍ ដល់អ្នកកាសែត។

ប៉ុន្តែកាលនោះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ច្រានចោលការលើកឡើងនេះ ដោយបញ្ជាក់ថា នេះជាការរៀបចំ សណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «សសសក» ថ្លែងថា យើងគោរពនីតិវិធីតុលាការដែលត្រូវធ្វើសវនាការជាសាធារណ: ឬអសាធារណ:។ លោកសង្ឃឹមថា លើកក្រោយៗនឹងមានការពន្យល់កាន់តែច្បាស់អំពីនីតិវិធីនេះ​ ដើម្បីកំុឱ្យមានការយល់ច្រឡំគ្នារវាងសារព័ត៌មាន និងតុលាការ និងដើម្បីប្រជាជនអាចទទួលបានព័ត៌មានពេញលេញ៕