(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានដាក់ញត្តិជូនស្ថានទូតចំនួន១៥ប្រទេសរួចហើយ ទោះបីជាមានការបិទផ្លូវពីអាជ្ញាធរក៏ដោយ។

លោកថា «អ្នកតំណាងរាស្រ្តយើងមានសមាសភាព៥រូប បានធ្វើដំណើរទៅកាន់ស្ថានទូតចំនួន១៥ប្រទេស ដើម្បីដាក់នូវលិខិតរបស់សមាជិកសភាចំនួន៥៥រូប ដើម្បីផ្តល់ព័ត៌មាននិងសំណូមពរមួយចំនួន ទៅជាពិសេសថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ រួមទាំងថ្នាក់ដឹកនាំប្រទេស​​ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ការធានានូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យលោកបានយល់អំពីស្ថានភាពប្រទេសរបស់យើង ហើយជំរុញឱ្យលោកបំពេញការទទួលខុសត្រូវ របស់លោកដែរ»

ការអះអាងរបស់ លោក សុន ឆៃ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលសមាជិករបស់ខ្លួន បាននាំញត្តិទាំងនោះ ទៅដាក់នៅតាមស្ថានទូត ដោយបរាជ័យក្នុងការហែក្បួន៕