(កំពង់ឆ្នាំង-កំពង់ធំ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរទន្លេសាប មន្ត្រីបច្ចកទេសក្រសួង និងមន្ទីរ រួមជាមួយ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពទូទៅ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៃសហគមន៍នេសាទភូមិបណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ដំណើរចុះបេសកកម្មរបស់លោករដ្ឋមន្រ្តីនាពេលនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យ និងស្វែងយល់ពីទី១៖ ស្ថានភាពតំបន់ដែនព្រៃលិចទឹក និងព្រៃលិចទឹកក្នុងតំបន់៣ ដែលនឹងត្រូវបោះបង្គោលព្រំការពារថែរក្សា, ទី២៖ ការគ្រប់គ្រងធនធានទឹកសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីកសិកម្មក្នុងតំបន់អាស្រ័យផលក្នុងតំបន់២, ទី៣៖ ការគ្រប់គ្រងរបស់អាជ្ញាធរដែនដី មានសមត្ថកិច្ច និងសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ, ទី៤៖ ស្ថានភាពទឹកបឹងទន្លេសាប និងទី៥៖ ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ក្នុងការផ្តួចផ្តើមគំនិតពីការគិតគូរដោយយកចិត្តទុកដាក់ចំពោះបញ្ហាគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ទន្លេសាប និងឈានទៅរៀបចំកសាងនូវគោលនយោបាយមួយ ច្បាស់ លាស់ និងផែនការយុទ្ធសាស្រ្តរយៈពេលវែងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាប ប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបាវចនាទាំង៥៖ កំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត អាស្រ័យនឹងធនធានធម្មជាតិរបស់បឹងទន្លេសាប ស្ថិតក្នុងតំបន់នោះផងដែរ។

លោករដ្ឋមន្រ្តី បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយ នឹងការប្រែប្រួលរបបទឹកនៅក្នុងរដូវប្រាំង ធៀបនឹងរដូវវស្សា ការរេចរិលនៃធនធនធម្មជាតិ គុណភាពទឹកសេវាកម្មទេសចរ និងការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ក្នុងការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការវេចខ្ចប់កាកសំណល់ រឹងរាវការធ្វើ អនាម័យ និង ការបញ្ចេញទឹកកខ្វក់ពីអាជីវកម្មខ្នាតតូចនៅលើទឹកបឹង ដែលពាក់ព័ន្ធជាមួយនឹងសុខមាលភាពរបស់បឹងទាំងមូល។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប ក៏បានលើកឡើងពីសារសំខាន់របស់បឹងទន្លេសាប ដែលជាសម្បត្តិធនធានធម្មជាតិមិនអាចកាត់ថ្លៃបាន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាប ប្រកបដោយចីរភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាជាមួយក្រសួង ស្ថាប័នជំនាញក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការការពារការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានរបស់បឹងទន្លេសាបឱ្យមាននិរន្តរភាព។

គួរបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបមួយដែលធំជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិមានតម្លៃមិនអាចកាត់ថ្លៃបានទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ដែលកំណត់ពីអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្តិសុខស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិបឹងទន្លេសាបហួសកម្រិត រួមជាមួយការប្រែប្រួលអាកាសធាតុបានធ្វើឱ្យបឹងទន្លេសាបទទួលរងនូវការគំរាមកំហែងគួរឱ្យព្រួយបារម្ភដែលនឹងអាចធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ី៕