(ក្រចេះ)៖ លោក ម៉ក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំកម្លាំងជលផល សហការជាមួយគណបញ្ជាការឯកភាពស្រុកឆ្លូង និងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ ដោយមានការចង្អុលបង្ហាញពីលោក ចាប សៀកហេង នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងលោក សៀង គិន នាយខណ្ឌជលផលក្រចេះ ចុះបង្រ្គាបបទល្មើសនេសាទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបឹងគ្រូឆៃអេង បឹងប្រា បឹងកូនសត្វ ស្ថិតក្នុងឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់​ថា រដូវបិទនេសាទឆ្នាំនេះ បើទោះជាទឹកទន្លេមេគង្គឡើងយឺត មានកម្ពស់ទឹកទាបជាងបណ្តាលឆ្នាំមុនៗក្តី តែបច្ចុប្បន្នបឹងទាំងអស់ មានកម្ពស់ទឹកមធ្យមអាចធ្វើឲ្យ ហ្វូងត្រីគ្រប់ប្រភេទ ចូលតាមព្រែកតូចៗមួយចំនួន មករស់នៅពងកូន ព្រមទាំងស្វែងរកចំណីនៅទីនោះយ៉ាងច្រើន ធ្វើឲ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសប្រព្រឹត្តបទល្មើស នេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ស្បៃមុង សាច់អួនក្រលាញឹក និងឆក់ត្រីផងដែរដើម្បីយកមកចាប់ត្រីទាំងតូច ទាំងធំ បំផ្លិចបំផ្លាញធនធានជលផល នៅក្នុងតំបន់នេះ។

លោក បាន​បន្តថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ គឺសមត្ថកិច្ចចម្រុះទទួល បានលទ្ធជាច្រើនមានដូចជា៖ ​ចាប់រឹបអូស និងបំផ្លាញចោលរបាំងស្បៃមុង២៥ខ្សែ មានប្រវែងជិត៣ពាន់ម៉ែត្រ រឹបអូសលូស្បៃមុង​២៤មាត់លូ និងលូធ្វើពីសាច់អួនក្រលាញឹក​២គ្រឿង រុះរើនិងកាប់បំផ្លាញចោល បង្កោលចម្រឹងឬស្សី និងកូនឈើ​ជិត៤០០ដើម ព្រមទាំងចាក់លែងត្រីចម្រុះទាំងតូច ទាំងធំ ចូលក្នុងបឹងធម្មជាតិ ប្រហែលជិត៣០០គីឡូផងដែរ។

លោក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ការធ្វើនេសាទដោយប្រើប្រាស់ ឧបករណ៍ឆក់ត្រី ពិសេសឧបករណ៍នេសាទស្បៃមុងនេះ គឺវាបានបំផ្លិចបំផ្លាញ ធនធានជលផលយ៉ាងធ្ងន់ធ្ងរ ពិសេស​គឺបណ្តាលឲ្យ ប៉ះពាល់ហ្វូងត្រីទាំងធំ ទាំងតូចយ៉ាងខ្លាំងផងដែរ ដូច្នេះទាមទារឲ្យមានកិច្ចសហការ រវាងសមត្ថកិច្ចជំនាញ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសហគមន៍ នេសាទ និងប្រជាពលរដ្ឋ ផងនោះ ទើបការទប់ស្កាត់និងបង្ក្រាបបទល្មើសខាងលើ ទទួលបានជោជ័យ និងមានប្រសិទ្ធភាពខ្ពស់។ លោកបញ្ជាក់ជាចុងក្រោយថា «យើងត្រូវធ្វើការងារនេះ ឲ្យដូចភ្លៀងរលឹម មិនថាឡើយរដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ គឺធ្វើបែបនេះទើបរក្សាបានធនធានជលផលអោយមាន និរន្តរភាព ស្ថិតស្ថេរគង់វង្ស សម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត»