(ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិតចំណុះអគ្គនាយកដ្ឋាននេះ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ប្រកបដោយឆន្ទៈមោះមុត ការប្ដេជ្ញាចិត្តខ្ពស់ បន្តកិច្ចសហការនិងសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពប្រចាំឆ្នាំ និងកម្មវិធីការងារប្រចាំខែ ដើម្បីសម្រេចបាននូវស្នាដៃនិងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ។

ការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដំណាក់កាលទី១ នៅសាលប្រជុំអគារ(S) នៃទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនោះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ចំនួន ៤៥៩រូប។

មានមតិក្នុងឱកាសនោះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត មានការប្ដេជ្ញាចិត្ត មានកិច្ចសហការនិងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ស្របតាមកម្មវិធីកំណែទម្រង់របស់ក្រសួងមហាផ្ទៃ និងមតិដឹកនាំ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ លោកអគ្គនាយក បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ រួមមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ លោកបានបន្ថែមថា ការបង្កើតអគ្គនាយកដ្ឋាននេះឡើង គឺជាការធ្វើកំណែទម្រង់របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ អភិសន្តិបណ្ឌិត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បន្ថែមលើនេះ លោកអគ្គនាយក បានធ្វើបទបង្ហាញផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលជាផែនទីបង្ហាញផ្លូវនិងជាត្រីវិស័យតម្រង់ទិស សម្រាប់អគ្គនាយកដ្ឋានធនធានមនុស្ស អនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់៕