(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy អនុប្រធាននាយកដ្ឋានសុខភាព នៃកាកបាទក្រហមឡាវ និងលោកស្រី Maki NOMURA ប្រតិភូទទួលបន្ទុកការងារសុខភាពរបស់សហព័ន្ធអន្តរជាតិប្រចាំកម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីដំណើរការងារ និងចូលជួបសម្តែងការគួរសមជាមួយមន្ដ្រីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

ដំណើរទស្សនកិច្ចខាងលើនេះ បានធ្វើឡើងក្នុងអំឡុងពេលប្រតិភូអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីគ្នាទៅវិញទៅមក លើការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។

ក្នុងជំនួបនេះ វេជ្ជបណ្ឌិត Soulany Chancy បានជម្រាបជូន លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អំពីស្ថានភាពមេរោគអេដស៍ នៅប្រទេសឡាវ ដែលបច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ អេដស៍ប្រមាណ ៣ពាន់នាក់ ដែលតាមតួលេខនេះបញ្ជាក់ថា ប្រទេសឡាវ បាននិងកំពុងកើនឡើង ករណីឆ្លងថ្មីនៃ មេរោគអេដស៍ក្នុងស្រទាប់យុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ដែលបានកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ គួឱ្យកត់សម្គាល់។ ឆ្លើយតបករណីនេះ កាកបាទក្រហមឡាវ មានគម្រោងអប់រំអ្នកផ្ទុកមេរោគអេដស៍ ក្រុមយុវជន ក្រុមប្រឈម និងសហគមន៍ តាមរយៈការប្រើប្រាស់ថវិកាគម្រោង ដែលជាការឧបត្ថម្ភពីបណ្តាដៃគូនានា។ ប៉ុន្តែរយៈពេលថ្មីៗនេះ ដោយសារភាគីជាម្ចាស់ជំនួយបានដកខ្លួនថយ ធ្វើឱ្យការអនុវត្តគម្រោងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ លើការងារអេដស៍ និងសុខភាពមាតានិងទារក បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ តាមរចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជា និងយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត។ ទន្ទឹមនេះ កាកបាទក្រហមកម្ពុជា មាន កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជារៀងរាល់ខែ ដែលធ្វើការចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងព័ត៌មាននានា ដោយធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ ការថែទាំសុខភាពបឋមជាដើម។

ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹង ដើម្បីទប់ស្កាត់ចំពោះជំងឺមិនឆ្លងសំខាន់ទាំង៤ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ដែលកំពុងតែមានការកើនឡើងផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ប្រតិភូកាកបាទក្រហមឡាវ និងសហព័ន្ធអន្តរជាតិ មានគោលបំណងសិក្សាពីគ្នាទៅវិញទៅមក ពីការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។ វគ្គទី២នៃគម្រោងនេះបានចាប់អនុវត្តតាំងពីពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងប្រទេសឡាវ និងកម្ពុជា។
សម្រាប់កម្ពុជាគម្រោងនេះអនុវត្តនៅខេត្តបន្ទាយមានជ័យ ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាជននៅតាមសហគមន៍ តាមព្រំប្រទល់ ខេត្តប៉ៃលិន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ និងឃុំដែលជាប់ព្រំប្រទល់ផងដែរ ហើយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ប្រតិភូ នឹងអញ្ជើញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការអនុវត្តគម្រោងខាងលើនេះ៕