(ឡាវ, វៀងច័ន្ទ)៖ នៅក្នុងជំនួបទ្វេភាគី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថា «យើងបានប្តេជ្ញាពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ»

សម្តេចបានបន្តថា «ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នា ទៅលើកិច្ចសហប្រតិបត្តិការយោធា ដែលមានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន»

កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤៕