(ភ្នំពេញ)៖ ម៉ោង៨ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញ​ទស្សន​កិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ​សម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភា​ពាណិជ្ជ​កម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយ​សមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានា​ក្នុងការ​លើក​កម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើ​បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹង​មាន​ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិក​ក្លឹបធុរកិច្ច​កម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេស​ឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង​ពង្រឹង​មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍​របស់ប្រជាជននៃប្រទេស​ទាំង​ពីរ។

សូមបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជា​នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

មូលហេតុនេះហើយដែលជំរុញឱ្យសម្តេចធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសច្រើនក្នុងដើមអាណត្តិ​នៃការ​ដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ។ មកដល់ពេលនេះសម្រាប់អាស៊ាន សម្តេចធិបតី បាន​អញ្ជើញបំពេញទស្សនកិច្ចប្រទេសចំនួន៣រួចមកហើយ រួមមានប្រទេសវៀតណាម ទស្សនកិច្ចនៅ​ថ្ងៃទី​១១-១២ ខែធ្នូ ឆ្នាំ២០២៣, ប្រទេសថៃ ទស្សនកិច្ចនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងប្រទេសម៉ាឡេស៊ី ទស្សនកិច្ចនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រៅពីប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញទស្សនកិច្ចជាផ្លូវការនៅ​ប្រទេស​​ចិន​នាថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាថ្ងៃទី​១៨​-១៩ ខែមករា ឆ្នាំ២០២៤។

ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេចធិបតី ក៏បានអញ្ជើញបំពេញបេសកកម្មការងារនៅឥណ្ឌូនេស៊ី អាមេរិក ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត ស្វីស និងអូស្ត្រាលីផងដែរ។ តាមរយៈដំណើរទស្សនកិច្ចទាំងផ្លូវការ និងបេសកកម្មការងារនេះ សម្តេចធិបតី និងគណៈប្រតិភូធ្វើដំណើរលើចម្ងាយ​ផ្លូវរង្វង់ប្រមាណ ១០ម៉ឺន​គីឡូម៉ែត្រ៕