(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវតួអង្គពាក់ព័ន្ធទាំងអស់ឱ្យបន្តការសហការគ្នាអនុវត្តនូវឯកសារគតិយុត្ត នវានុវត្តន៍ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ បង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់។

ការអំពាវនាវបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៉ីជាតិមួយប្រកបដោយនវានុវត្តន៍ បច្ចុប្បន្នកម្ពុជា មានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយក្នុងនោះមានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០២៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ឆ្នាំ២០២០ - ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗរួមមាន៖ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័តព្រមទាំងបណ្តាលឯកសារផែនទីបង្ហាញផ្លូវមួយចំនួនទៀតដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា៖ បច្ចេកវិទ្យាឋាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវតួអង្គពាក់ព័ន្ធមានជាអាទិ៍ ក្រសួង-ស្ថាប័ន, សាកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិលឱ្យបន្តការសហការគ្នាអនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សំ និងចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ ក្នុងរយៈពេលវែងសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន មានភាពធន់ និងចីរភាព គឺចាំបាច់ចូលរួមអនុវត្តន៍កត្តាសំខាន់ៗរួមមាន៖

ទី១៖ ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការជំរុញដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន មានតម្លៃខ្ពស់ នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
ទី២៖ ជំរុញបន្ទាន់ចំពោះការផ្ទេរបច្ចេកវិទ្យា តាមរយៈខ្សែបណ្តោយរវាងសហគ្រាស និងសហគ្រាស
ទី៣៖ ការផ្ទេរបច្ចេកវិទ្យាអាទិភាពចំណេះដឹង ចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ ការលើកម្ពស់ជំនាញ
ទី៤៖ ការជំរុញឱ្យមានលំហូរអ្នកមានទេពកោសល្យ និងការជំរុញឌីជីថលនូបនីយកម្ម ប្រកបដោយបរិយាបន្ន ការរៀបចំបរិស្ថានល្អ ដើម្បីរក្សា និងទាក់ទាញអ្នកដែលមានទេពកោសល្យ។ល។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាល, ស្រាវជ្រាវ និង វិស័យឯកជន ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រការដឹកនាំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យវិស័យអាទិភាពនេះ ក្លាយជាខឿននៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា បានប្រសើរឡើង៕