(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្តវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចសូមផ្ដល់អនុសាសន៍ណែនាំ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង-ស្ថាប័ន ពាក់ព័ន្ធសម្រាប់អនុវត្តបន្តរួមមាន៖

ទី១៖ បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។ ខណៈនេះ យើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យនេះ។ ដូច្នេះ សម្ដេចសូមដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូ ដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារតីសហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។

ទី២៖ បន្តជំរុញបរិវត្តកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និង មធ្យម ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤.០ ក្នុងគោលដៅចាប់យក ឲ្យបានលឿននូវបច្ចេកវិទ្យាចុងក្រោយ ទាំងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និង ជំរុញសហគ្រាស បុរាណ ក្នុងស្រុក ចាប់យកឲ្យបានទាន់ពេលវេលា និងពេញលេញ នូវវឌ្ឍនភាពនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី៣៖ បន្តជំរុញឲ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជាពិសេស វិស័យឯកជន ក្នុងការស្វែងរកទីផ្សារ ចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល។ ថ្នាលបច្ចេកវិទ្យានេះ ត្រូវឈរលើយន្តការកិច្ចសហការរវាងវិស័យសាធារណៈ, វិស័យអប់រំ និង វិស័យឯកជន តាមគំរូម៉ូដែលត្រីវ័ណ្ឌ (Triple Helix model) ដោយមានការចូលរួមយ៉ាងសកម្ម រវាងតួអង្គពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍ ដើម្បីអប់រំ, បណ្តុះបណ្តាល, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយតបទៅនឹងតម្រូវការសង្គម ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤។

ទី៤៖ អនុវត្តយន្តការតាមដានត្រួតពិនិត្យ និង វាយតម្លៃឲ្យបានម៉ឺងម៉ាត់ នូវការអនុវត្តរបស់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០។ សម្ដេចសូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចបញ្ជូនរាល់ព័ត៌មាន និងសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ទី៥៖ សូមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវ មូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។ គោលដៅនេះ, អាចសម្រេចទៅបានអាស្រ័យលើការផ្លាស់ប្ដូរផ្នត់គំនិត, របៀបរបបចាត់ចែង, ការគ្រប់គ្រងការងារ និងធុរកិច្ច ជាមួយនឹងការវិយោគ ទាំងផ្នែកមូលធន និងការបណ្តុះធនធានមនុស្ស។

សូមជម្រាបថា «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួចផ្តើមរៀបចំឡើងពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជាថ្ងៃសម្រាប់ប្រារព្ធទិវានេះ​ឡើង។ «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ «ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ បន្តរៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ។

វត្តមានសម្ដេចធិបតីនាយករដ្ឋមន្ត្រីបើកវេទិកានេះ បង្ហាញយ៉ាង​ច្បាស់​ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដែលជាឧបករណ៍យុទ្ធសាស្ត្រមួយ ក្នុងការឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជា​ក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្មវិធីនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយបើកជូនសាធារណៈ​ជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់តាំងពិព័រណ៍​មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូលរួមតាំងពិព័ណ៌រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគច្រើនជាសហគ្រាសធុនតូចនិងមធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍៕