(បាត់ដំបង)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២,៣៧០នាក់ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នៅក្នុងបរិវេណអនុវិទ្យាល័យតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្ត បានឲ្យដឹងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទើប ក្រុមការងារបានចុះពិនិត្យ និងព្យាបាលជំងឺទូទៅសុខភាពមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង ភ្នែក និងសួត ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន២,៣៧០នាក់ ស្មើនឹង ៤,០៨៧ករណី ដែលរស់នៅក្នុងស្រុកថ្មគោល ដោយកម្មវិធីនេះមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អាជ្ញាធរដែដនដី យុវជនស.ស.យ.ក យុវជនអ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា អង្គការឆឺជី ព្រមទាំងក្រុមការងារពាក់ព័ន្ធផ្សេងទៀតចូលរួមផងដែរ៕