(ក្រចេះ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តក្រចេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត តំណាងអភិបាលខេត្តក្រចេះ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត លោក លោកស្រីប្រធាន ប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធ អធិការក្រុងស្រុកទាំង៧ក្នុងខេត្ត។

កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ គឺសំដៅពង្រឹង ជំរុញ និងគាំទ្រដល់ការអនុវត្តការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជកម្ពុជាខេត្តក្រចេះ ឱ្យកាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិសង្គមហបណ្ឌិត គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹង ប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ពិសេសការចូលរួមអនុវត្តច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល និងលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា បង្កើតបានជាស្នាដៃ សមិទ្ធផល និងលទ្ធផលជា ច្រើនក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។

លោកបានជំរុញ និងចង្អុលបង្ហាញឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ចុះពិនិត្យស្រាវជ្រាវរកមុខសញ្ញាអតីតយុទ្ធជនក្រីក្រចាំបាច់ និងការផ្តល់ដីលំនៅឋាន ផ្ទះ និងដឹកសិកម្មការកសាងសង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អតីតយុទ្ធជន ការតបណ្តាញអគ្គិសនី ការតភ្ជាប់ឬសាងសង់អណ្តូង ទឹក និងការឧបតម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាព្រមទាំងការផ្តល់នូវគោលនយោបាយផ្សេងៗទៀត សំដៅដោះស្រាយរាល់ការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីយុទ្ធជនកម្ពុជាបានកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕