(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវប្រជាពលរដ្ឋ សូមចូលរួមថែទាំ និងការពារប្រភពទឹកឱ្យបានល្អសម្រាប់យើងទាំងអស់គ្នាប្រើប្រាស់ ត្រូវចៀសវាងការបំពុលប្រភពទឹក ដោយកុំបោះសំណល់រឹង រាវ ទៅក្នុងប្រភពទឹកប្រើប្រាស់។

លោកអំពាវនាវបែបនេះរបស់លោក នុត ពុធដារ៉ា បានធ្វើឡើងនៅក្នុងទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ «ទឹកដើម្បីសន្តិភាព» ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល ដែលមានលោកស្រីជី ថាវី ជាប្រធានមន្ទីរ។ ពិធីនេះធ្វើឡើងនៅស្រុកល្វាឯម នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

លោកអភិបាលរងខេត្តបានបន្តថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺគ្រប់បណ្តាប្រទេសនៅលើពិភពលោក ទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែខ្នះខ្នែង និងគិតគូរយកចិត្តទុកដាក់ថែរក្សាប្រភពទឹក ជំរុញលើកកម្ពស់អនាម័យ ដូចយើងដែរ ហើយការជំរុញកំណើនសេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនេះ មិនងាយស្រួលពេកទេ ទាមទារឱ្យមានការចូលរួមសហការគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការក្រៅរដ្ឋាភិបាល សមាគម វិស័យឯកជន សម្បុរសជននានា ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ អំពីការអភិវឌ្ឍលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការចូលរួមការលាងដៃនឹងសាប៊ូ ហូបទឹកមានសុវត្ថិភាព និងប្រើប្រាស់សង់បង្គន់គ្រប់ៗគ្នា។

លោកបានបន្ថែមថា ដើម្បីបង្ការកង្វះខាតទឹកប្រើប្រាស់ មានតែយើងទាំងអស់គ្នារួមគ្នាថែរក្សាប្រភពទឹក ការពារប្រភពទឹកឱ្យបានល្អ និងចេះស្តុកទឹកទុកប្រើឱ្យបានគ្រប់ៗគ្នា។ អ្នកមានស្រះ ឬសហគមន៍ ដែលមានស្រះ ត្រូវចេះស្តារស្រះ បូមទឹកដាក់ស្រះឱ្យបានពេញនៅរដូវវស្សាមកដល់ ហើយត្រូវចេះការពារប្រភពទឹកស្រះឱ្យបានល្អ មានរបងការពារ មានទ្វារបើកចេញចូលត្រឹមត្រូវ ការពារសត្វពាហនៈចេញចូល ឬចុះក្នុងទឹក ដែលអាចបង្កឱ្យទឹកមិនស្អាត មិនអាចប្រើប្រាស់បាន។

ជាមួយគ្នានេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានថ្លែងថា មន្ទីរតែងតែគិតគូរយកចិត្តដាក់ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងតែងតែចុះជួយបំពេញតម្រូវការរបស់ពួកគាត់ ហើយស្នើដល់ប្រជាពលរដ្ឋមេត្តាចូលរួមសហការគ្នាល្អ ដើម្បីអភិវឌ្ឍន៍សង្គមឱ្យរីកចម្រើន។ តួយ៉ាងដូចជាប្រភពទឹកស្អាតជាដើម ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពោលគឺមិនត្រូវចោលសំរាមផ្ដេសផ្ដាស មិនចោលសំរាមក្នុងទឹកជាដើម៕