(ភ្នំពេញ)៖ ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជម្រុញការលើកទឹកចិត្តដល់យុវជនស្រលាញ់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ នៅក្នុងសង្គមជាតិ កាន់តែរឹងមាំ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីសង្ក្រាន្ត NTTI ២០២៤ ក្រោមប្រធានបទ «យុវជនស្រឡាញ់វប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ រួមទាំងមានសាមគ្គីភាពរឹងមាំ»។

ពិធីនេះដែរបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡៅ ហ៉ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោយមានការចូលរួមពីលោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស រួមទាំងមានលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសជាច្រើនរូបទៀត។

បើតាមលោកបណ្ឌិត យ៉ោក សុទ្ធី ដំណើរការសង្ក្រាន្តនេះ រៀបចំឡើងដោយក្រុមការងារយុវជនស្ម័គ្រចិត្ត និងសហការជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានចំនួន ០៤លើក ដោយលើកទី១ នៅក្នុងឆ្នាំ២០១៨ លើកទី២ ឆ្នាំ២០២២ លើកទីឆ្នាំ២០២៣ ដែលលទ្ធផលទទួលបានគួរឲ្យស្ញប់ស្ញែង ក្នុងពិធីសង្ក្រាន្តនេះ ក្នុងឆ្នាំនីមួយៗ សម្រាប់រយៈ ២ថ្ងៃ មានមហាជនចូលរួមទស្សនាប្រមាណជិតមួយម៉ឺននាក់។

ក្នុងព្រឹត្តិកាណ៍នោះមានការសម្តែងរបស់យុវជនដូចជា៖ របាំជូនពរ របាំត្រុដិ របាំទេពមនោរា របាំរស្មីដួង របាំក្ងោក និងការដើរម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរទាំងម៉ូតសម័យ និបុរាណ ៦សម័យកាល រួមទាំងការច្នៃម៉ូតសម្លៀកបំពាក់តាមជំនាញឯកទេសដោយនិស្សិតផ្ទាល់ ការសម្តែងយុទ្ធគុនខម និងការសម្តែងរបស់តារាចម្រៀងល្បីល្បីជាច្រើនរូប រួមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនធំៗ និងអាជីវករជាច្រើនផងដែរ។

ក្នុងឆ្នាំថ្មីឆ្នាំ២០២៤នេះ យុវជន NTTI បានត្រៀមសកម្មភាពជាច្រើនសម្រាប់ជាព្រឹត្តការណ៍សង្ក្រាន្ត NTTI ២០២៤ មានដូចជា៖ ការសម្ដែងរបាំ និងចម្រៀងរបស់យុវជនNTTI, របាំជូនពរ, របាំត្រុដិ, របាំរស្មីដួងច័ន្ទ , ចាប៉ីដងវែង, ពង្សាវតាខ្មែរ, NTTIជាក្តីសង្ឈឹម ស្មារតីយុវជន។ ការសម្តែងក្បាច់គុនល្បុត្តតោ ព្រះខណ្ឌជ័យ, ការច្នៃម៉ូតសម្លៀកបំពាក់សម័យ-បុរាណ និងការច្នៃម៉ូតតាមជំនាញឯកទេស, ការច្នៃម៉ូតសម្លៀកបំពាក់សម័យដោយនិស្សិតតាមជំនាញឯកទេស និងការប្រគុំតន្ត្រី ដែលមានការចូលរួមពី សិល្បៈករ សិល្បៈការនីល្បីៗជាច្រើនរូប។

ថ្លែងនាឱកាសនោះដែរលោក ប៉ុក ប៉ាន់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកបណ្ឌិត យ៉ោក សុទ្ធី និងក្រុមយុវស្ម័គ្រចិត្តNTTI ដែលបានលៈបង់ទាំងកម្លាំងកាយ-ចិត្ត ប្រឹងប្រែងព្យាយាម រៀបចំសកម្មភាពដំណើរការសង្ក្រាន្ត NTTI ២០២៤ បានយ៉ាងអធិកអធម ដោយក្រុមយុវជន ស.ស.យ.ក និងក្រុម១៨ រួមទាំងក្រុមហ៊ុនឯកជន និងអាជីវករ ទាំងអស់ ដែលបានចូលរួមពិព័រណ៍ផលិតផល ឬសេវាកម្មនៅក្នុងពិធី សង្ក្រាន្តNTTI ២០២៤។

ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់ បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏មានតម្លៃ និងល្អប្រសើរបំផុតនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មពីថ្នាក់់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជនស្ម័គ្រចិត្តNTTI រួមទាំងអាជីវកម្ម និងក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះ ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់ក្រុមយុវជនNTTI។

លោក ប៉ុក ប៉ាន់ បានបបន្ថែមថា យុវជនជាធនធានមនុស្ស ដើម្បីរួមចំណែកជាកម្លាំងចលករក្នុងការលើកស្ទួយការអភិវឌ្ឍន៍ជាតិ ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និងវិជ្ជាជីវៈ បានកាន់តែប្រសើរ តាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិត ប្រកបដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី សង្ក្រាន្ត-NTTI-២០២៤ នេះផងដែរ៕