(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពេលដែលកំពុងចេញដំណើរទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨, ២៩ រួមនិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅទីក្រុងវៀងច័ន្ទប្រទេសឡាវនោះ ក៏បានលើកឡើងពីភាពមមាញឹកនៅក្នុង កិច្ចប្រជុំ ទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេល នៃកិច្ចប្រជុំនេះ គឺមានភាពមមាញឹកខ្លាំងក្នុងមួយថ្ងៃសម្រាកបានតែ ៤ ទៅ៦ម៉ោងប៉ុណ្ណោះ ជាពិសេសក្នុងមួយថ្ងៃងូតទឹកបានតែម្តង ហើយសម្លៀកបំពាក់ស្លៀកបានតែមួយកំប្លេ ហើយប្រសិនបើត្រូវដូរ សម្លៀកបំពាក់ គឺត្រូវដូរនៅក្នុងបន្ទប់ទឹក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Facebook របស់សម្តេចថា «យោងលើបទពិសោធន៍រៀងរាល់ការប្រជុំអាស៊ានម្តងៗ ខ្ញុំសម្រាកបានក្នុងចន្លោះ ៤ ទៅ ៦ ម៉ោងប៉ុណ្ណោះ ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ មុជទឹកមួយដង ១ថ្ងៃ នៅម៉ោង១០ ឬ ១១ ឬ ១២យប់។ សម្លៀកបំពាក់ស្បែកជើងស្លៀកពាក់តាំងពីម៉ោង៦ព្រឹក ដោះម៉ោង១០ ឬ ១១យប់។ ប្រសិនឃើញប្លែកគឺដូរតែក្រវ៉ាត់ក ឬ ដូរអាវក្នុង ឬ ពាក់អាវដែលប្រទេសម្ចាស់ផ្ទះកាត់ឱ្យសម្រាប់ពិធីជប់លៀងប៉ុណ្ណោះ។ ការដូរអាវក្នុងឬអាវជប់លៀង ឬ ក្រវ៉ាត់ក គឺដូរក្នុង បន្ទប់ទឹកនៃកន្លែងប្រជុំមិនមែនមកដូរនៅសណ្ឋាគារទេ»

សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនេះ អ្នកដែលរវល់ និងហត់ជាងសម្តេចទៅទៀតនោះ គឺរដ្ឋមន្ត្រីការទេស និងឧត្តមមន្ត្រី ដែលត្រូវចរចារលើសេចក្តីថ្លែងការណ៍រួម។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹក នាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨, ២៩ រួមនិងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញានេះ។

ក្រៅពីប្រជុំទាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយលោក បាន គីម៉ូន អគ្គលេខាធិការអង្គការសហ ប្រជាជាតិ និងលោក លី ខៃឈាង នាយករដ្ឋមន្រ្តីប្រទេសចិនផងដែរ៕