(ភ្នំពេញ)៖​ ក្រសួងអប់រំ យុវជន និងកីឡា​ នាថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានប្រារព្ធទិវាអន្តរជាតិ​ ហ្វ្រង់កូហ្វូនី​ ២០២៤ ក្រោមប្រធានបទ៖ «បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំង» (Créer, innover, entreprendre en français) ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារឧត្ដមសិក្សានៃក្រុម ប្រទេសនិយាយភាសាបារាំង (AUF) និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

ពិធីនេះដែរបានធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក JACQUES Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា​ រួមទាំងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ អង្គទូត មន្ត្រីរាជការ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្សសរុបចំនួនប្រមាណ ២ ០០០នាក់។

នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីគុណតម្លៃនៃភាសាបារាំង ដែលផ្សារភ្ជាប់ជាមួយចំណេះដឹងវប្បធម៌ដ៏សម្បូរណ៍បែប នាំមកនូវគំនិតច្នៃប្រឌិតការបង្កើតថ្មីដល់សិស្សនិស្សិតកម្ពុជា ជាពិសេសចូលរួមលើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាពសម្រាប់យុវជន តាមរយៈការប្រើប្រាស់ភាសាបារាំង ក្នុងបរិបទនៃទីផ្សារការងារដែលកាន់តែមានភាពប្រកួតប្រជែងទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចេះភាសាបរទេសតែមួយភាសាមិនគ្រប់គ្រាន់នោះទេសម្រាប់យុគសម័យដែលពោរពេញដោយការប្រកួតប្រជែងនេះ ការចេះភាសាបរទេសមួយបន្ថែមទៀត នឹងនាំមកនូវឱកាសមួយបន្ថែមទៀត ក្នុងបុព្វហេតុនេះដែរចំពោះអ្នកសិក្សាដែលចេះភាសាបារាំង នឹងបង្កើនឱកាសចាប់យកការងារពាក់ព័ន្ធនឹងភាសាបារាំង ក៏ដូចជាទទួលបានអាហារូបករណ៍នៅបរទេសដូចជា៖ អាហារូបករណ៍រដ្ឋាភិបាលបារាំង កម្មវិធីអាហារូបករណ៍ Eiffel អាហារូបករណ៍ ERASMUS និងកម្មវិធីអាហារូបករណ៍ហ្វ្រង់កូហ្វីនីរបស់ប្រទេសកាណាដាជាដើម។

គួររំឭកថាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ក្រោមកិច្ចផ្ដួចផ្ដើមរបស់ស្ថាបនិកនៃអង្គការនេះ រួមមានលោក ឡេអូប៉ូល សេដាសង់ហ្គ័រ អតីតប្រធានាធិបតីនៃប្រទេសសេណេហ្គាល់ លោក អាប៊ីប បួហ្គីបា អតីតប្រធានាធិបតីនៃប្រទេសទុយនីស៊ី លោក អាមានី ឌីយ៉ូរី អតីតប្រធានាធិបតីនៃប្រទេសនីហ្សេ និងព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ នៅក្នុងឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការអន្តរជាតិនេះ។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤ ជាខួបលើកទី៥៤ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បណ្ដាប្រទេសជាសមាជិកប្រារព្ធទិវានេះ ក្រោមប្រធានបទ៖ បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិនភាព តាមរយៈភាសាបារាំង។ ឆ្លើយតបនឹងប្រធានបទប្រចាំឆ្នាំ២០២៤ គ្រឹះស្ថានសិក្សា បង្រៀន និងរៀនភាសាបារាំងនានា បានចូលរួមអបអរសាទរទិវានេះ តាមរយៈការសម្ដែងទស្សនីយភាពល្អៗ រួមមាន៖ របាំប្រពៃណី របាំប្រជាប្រិយ ចម្រៀងសម័យ ការបង្ហាញស្នាដៃបង្កើតថ្មី ការប្រកួតវោហារកោសល្យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ៕