(ភ្នំពេញ)៖ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា របបសន្តិសុខសង្គមជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការការពារពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាពគ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារ ហានិភ័យទាំងអស់នេះ។

លោក សុង តុងហាប់ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះនាឱកាសតំណាងលោក សុខ សូគេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទក្រសួងទេសចរណ៍។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំនៃទីស្ដីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ហ៉ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក លោកស្រីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក សួន ស៊ីទៀង អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម រួមទាំងមានលោក លោកស្រី ជាមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ជាច្រើនរូបទៀតផងដែរ។

លោក សុង តុងហាប់ បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃកម្ពុជា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាពីការបែកបាក់ជាតិ ទៅជាប្រទេសមានសុខសន្តិភាពដែលធានាដល់ការរីកចម្រើនគ្រប់វិស័យ ហើយប្រជាជនរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយ​ក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

ជាមួយគ្នានេះរាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋគ្រប់រូប។ ការអនុវត្តប្រព័ន្ធសន្តិសុខសង្គមដើរតួយ៉ាងសំខាន់ដើម្បីជំរុញឱ្យសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលសំដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លើសពីនេះចំពោះប្រជាជនក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលមានជីវភាពក្បែរបន្ទាត់នៃភាពក្រីក្រ ក៏ត្រូវបានគិតគូផងដែរ តាមរយៈការដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ សម្ភារប្រើប្រាស់ ឬគ្រឿងបរិភោគ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលទទួលរងសម្ពាធ អតិផរណា និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយផ្សេងៗ ជាក់ស្ដែងវិបត្តិកូវីដ-១៩ កន្លងមកនេះ។

លោក សុង តុងហាប់ បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានបន្តអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា សម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធី សាច់ប្រាក់ពលកម្មជាដើម។

ស្របជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោក សុង តុងហាប់ ក៏សំណូមពរដល់ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទក្រសួងទេសចរណ៍ទាំងអស់ ១. ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ធនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខមាលភាព និងអត្ថប្រយោជន៍មន្ត្រីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។

ចូលរួមផ្សព្វផ្សាយបន្តនិងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម។ ចូលរួមបន្តអនុវត្តកម្មវិធីកំណែទម្រង់នានាដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ជាពិសេសការពង្រឹងប្រសិទ្ធភាព និងគុណភាពមន្ត្រី និងស្ថាប័ន។ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើម «បង្កើន ៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយសុវត្ថិភាពកាលានុវត្តភាព និងភាពកក់ក្ដៅ៕