(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (The 16o General Border Committee Meeting "GBC) នៅសណ្ឋាគារ Garden City Phnom Penh។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងលោក ស៊ុធីន ខ្លាំងស៊ែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅថៃ។

សម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ គឺជាកិច្ចប្រជុំលើកទី១ នៅក្នុងអាណត្តិរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា-ថៃ ទាំង២រូបផងដែរ។

ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ កម្ពុជា-ថៃ។

កិច្ចប្រជុំលើកទី១៦នេះ ភាគីទាំងពីរ កម្ពុជា-ថៃ បានបន្តកិច្ចពិភាក្សា ដោយផ្ដោតយ៉ាងសំខាន់លើ ការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង នៅតាមបណ្ដោយព្រំដែនមួយនៃប្រទេសជិតខាងទាំងពីរ ដើម្បីរួមគ្នា រក្សា និងធានាឱ្យបាននូវសេចក្តីសុខ ក្សេមក្សាន្ត និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ៕