(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសម្តាយលោក ថោង សារ៉ាត់ គឺ អ្នកស្រី កែវ សារី ដាក់ពន្ធនាគារពីរឆ្នាំ និង ផ្តន្ទាទោសអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ គឺ លោក ពេជ្រ ព្រហ្មមុនី រយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន សម្រេចបែបនេះនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

លោកចៅក្រម យិន សារឿន ផ្តន្ទាទោសអ្នកស្រី កែវ សារី ក្រោមការចោទប្រកាន់ពីបទ «ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និង ផ្តន្ទាទោសលោក ពេជ្រ ព្រហ្មមុនី ពីបទ «ជំនួញឥទ្ធិពលអកម្ម» តាមមាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥៕