(ភ្នំពេញ)៖ មានហេតុការណ៍មួយកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺប្រជាពលរដ្ឋនាំគ្នាកាត់ទោស ទៅលេីបុរស​ម្នាក់​ដោយចោទប្រកាន់ថា បានចូលលួចទូរស័ព្ទដៃ ក៍នាំគ្នាចាប់វៃរហូតដល់សន្លប់។

បុរសដែលត្រូវបានគេចោទប្រកាន់នោះមានឈ្មោះ អៀង តារា អាយុ៣០ឆ្នាំ បានត្រឹមទួកសាច់ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ទាត់និងធាក់រហូតដល់សន្លប់។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា បុរសខាងលើរងការចោទប្រកាន់ថា បានចូលលួចទូរស័ព្ទគេនៅត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ម្ចាស់តាមទាន់ស្រែកចោរ ធ្វើឲ្យពលរដ្ឋក្បែរខាង ចេញមកស្វាគមន៍ មួយដៃមួយជើង កប់ភក់របួសធ្ងន់ ហើយសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែអន្តរាគមន៍ ជួយហៅរករថយន្តសង្រ្គោះ ឲ្យជួយសង្រ្គោះជនរងគ្រោះតែប៉ុណ្ណោះ។

 តែចំពោះដើមបណ្តឹងវិញ ពុំបានចេញមុខមកអះអាងឡើយ ធ្វើឲ្យជនសង្ស័យប្រែក្លាយទៅជាជនរងគ្រោះ ។

ដោយឡែកសមត្ថកិច្ចវិញ បានត្រឹមតែបង្ខំឲ្យ រថយន្តសង្គ្រោះដឹកយកចេញអោយបានឆាប់ ដោយពុំបានសួររកខុសត្រូវអោយបានពិតប្រាកដឡេីយ។

ជួបជាមួយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ តាមទូរស័ព្ទ ជុំវិញរឿងខាងលើ នេះក្រោយពីគ្មានអ្នកណាម្នាក់ចេញមុខ មកដាក់ពាក្យបណ្តឹង លោកបានប្រាប់ឲ្យដឹងថា ចាំមើលសិន ។ បុរសខាងលើបានត្រឹមដេកសម្រាកពេទ្យ ទាំងពុំដឹងមូលហេតុណាមួយឲ្យច្បាស់លាស់ឡើយ។