(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលថ្មី បានប្ដេជ្ញាចិត្តឥតងាករេបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួល និងមានភាពមិនប្រាកដប្រជាក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តប្រកបដោយឆន្ទះមុះមុតឥតងាករេ និងការទទួលខុសត្រូវខ្ពស់នៅក្នុងការបន្តថែរក្សាសុខសន្តិភាព និងអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួលនិងមានភាពមិនប្រាកដប្រជាក៏ដោយ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងកិច្ចការងារបន្តដឹកនាំប្រទេស រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានគោលដៅជាយុទ្ធសាស្ត្ររួមមាន៖ កំណើន សេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាចេរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់ខ្លាំងនូវការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាននៅតាមជនបទ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ គឺជាគន្លឹះនិងភាពធន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយកិច្ចការទាំងនេះបានអនុវត្តតាមអភិក្រមពង្រឹងមូលដ្ឋានរឹងមាំ ដើម្បីការអភិវឌ្ឍប្រទេសជាតិ បានយូរអង្វែង ដោយមិនអាចរឹងលើអង្គើក្រោមបាននោះទេ។

សម្តេចមហាបវរធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញនូវវិធានការគន្លឹះនៅក្នុងការពង្រឹងនៅមូលដ្ឋាន ដែលក្នុងនោះមាននៅគ្រប់វិស័យសំខាន់ៗដូចជា៖ អប់រំ សុខាភិបាល និងការរក្សាសណ្តាប់ធ្នាប់សង្គម សន្តិសុខ នៅតាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ជូនប្រជាពលរដ្ឋផងដែរ៕